សហរដ្ឋអាមេរិកនៅតែបន្តស្វែងរកកិច្ចព្រមព្រៀង ថវិកាបដិភាគការពារជាតិជាមួយកូរ៉េខាងត្បូង

AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ — មន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនៅតែបន្តស្វែងរកកិច្ច​ព្រមព្រៀងស្តីពីថវិកាបដិភាគការពារជាតិ ជាមួយប្រទេសកូរ៉េខាងត្បូង ខណៈដែលភាគីទាំងសងខាងមិនចង់ឃើញសម្ព័ន្ធភាពនេះត្រូវ​បានបំផ្លាញឡើយ។

លោក R. Clarke Cooper ឧបការីរដ្ឋលេខាធិការទទួលបន្ទុកកិច្ចការនយោបាយយោធាបាននិយាយថា ការប្រាស្រ័យទាក់ទង​មិនដែល​បានឈប់ឡើយរ​វាងភាគីពាក់ព័ន្ធ រួមមានប្រធានាធិបតីនៃប្រទេសទាំងពីរ អ្នកការទូតកំពូល និងអ្នកចរចាកំពូលៗ។

ការអត្ថាធិប្បាយរបស់លោក គឺផ្ទុយពីការអះអាងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលលោកបាន​និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូង «បានយល់ព្រមចំណាយប្រាក់សំខាន់ៗដល់ពួកយើង» សម្រាប់ការឈរជើងរបស់​កងទ័ពអាម៉េរិកនៅទីនោះ។

លោក Cooper បានប្រាប់់អ្នកសារព័ត៌មានថា យោងតាមកិច្ចព្រមព្រៀងថវិកាបដិភាគសម្រាប់ការចំណាយលើវិស័យការពារ​ជាតិ បានឱ្យដឹងថា «យើងពិតជាកំពុងរកមើលកន្លែងណាដែលអាចធ្វើទៅបានសម្រាប់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដើម្បីបញ្ចប់កិច្ច​ព្រមព្រៀងវិធានការពិសេសនេះ»។ ហើយដូចដែលខ្ញុំបាននិយាយថា ការប្រាស្រ័យទាក់ទងគ្នានឹងមិនដែលមានពេលឈប់នោះទេ។

លោកបាននិយាយបន្តថា «អ្វីដែលអ្នកមាននៅនឹងកន្លែង គឺជាកត្តា និងលក្ខខណ្ឌផ្សេងៗគ្នា ដែលត្រូវដោះស្រាយនៅក្នុងទីក្រុង​សេអ៊ូល ហើយយើងពិតជាដឹងអំពីរឿងនេះ។ ប៉ុន្តែយើងក៏ដឹងដែរថា នៅពេលបញ្ចប់នឹងមិនមាននរណាម្នាក់ រួមទាំងប្រធានាធិបតី​កូរ៉េខាងត្បូង ​លោក Moon Jae-in ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ចង់ឃើញសម្ព័ន្ធភាពនេះមានការធ្លាក់ចុះនោះ​ទេ»។

ទីក្រុងវ៉ាស៊ីនតោនបានស្នើសុំឱ្យទីក្រុងសេអ៊ូលបង់ប្រាក់ចំនួន ១,៣ប៊ីលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ ដើម្បីរក្សាកងទ័ពអាម៉េរិក​កូរ៉េចំនួន ២៨.៥០០នាក់ ដែលថវិកានេះមានការកើនឡើងជិត ៥០ភាគរយបើប្រៀបធៀបទៅនឹងឆ្នាំមុន។ ទីក្រុងសេអ៊ូលបានបដិសេធ​សំណើនេះ ដោយបាននិយាយថា ការផ្តល់ជូនដ៏ល្អបំផុតរបស់ខ្លួនកើនឡើងបានត្រឹម ១៣ភាគរយ។ ប៉ុន្តែសំណើរបស់កូរ៉េខាងត្បូងនេះ ត្រូវបានលោក ត្រាំ បដិសេធកាលពីខែមុន៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)