ប្រទេសឡាវចេញគោលការណ៍ណែនាំបណ្តោះអាសន្នសម្រាប់ការចេញចូលប្រទេសនេះ

AKP ភ្នំពេញ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ — កាលពីពេលថ្មីៗនេះ ក្រសួងការបរទេសឡាវបានចេញគោលការណ៍ណែនាំលេខ ១៣៤២ ស្តីពីការ​ចេញចូលប្រទេស ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ។

យោងតាមសេចក្តីណែនាំនេះបានឱ្យដឹងថា គ្រប់ច្រកព្រំដែនផ្លូវគោក និងផ្លូវអាកាសនឹងត្រូវបន្តបិទ។

អ្នកដែលមានបំណងចូលទៅក្នុងប្រទេសឡាវ ត្រូវតែដាក់ពាក្យសុំទៅគណៈកម្មាធិការជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩។ ប្រសិនបើគេត្រូវបានអនុញ្ញាត ពួកគេត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការនៅទីភ្នាក់ងារការទូតឡាវនៅក្នុងប្រទេសម្ចាស់ផ្ទះ។

ពួកគេក៏តម្រូវឱ្យបង្ហាញវិញ្ញាបនប័ត្រវេជ្ជសាស្រ្តដែលចេញមិនលើសពីរយៈពេល ៧២ម៉ោងផងដែរ។ បន្ទាប់ពីការមកដល់របស់​ពួកគេនៅក្នុងប្រទេសឡាវ ពួកគេនឹងតម្រូវឱ្យធ្វើតេស្តសម្រាប់ជំងឺកូវីដ-១៩ និងត្រូវនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃនៅតាមកន្លែង​ដែលបានកំណត់។

បណ្តាទីភ្នាក់ងារការទូតនៅក្នុងប្រទេសឡាវ ត្រូវបានស្នើឱ្យបញ្ជូនបញ្ជីឈ្មោះអ្នកដែលមានបំណងចាកចេញពីប្រទេសឡាវ និង​ព័ត៌មានចាំបាច់នានា ទៅកាន់ក្រសួងការបរទេសឡាវដើម្បីពិនិត្យពិចារណា។

គោលការណ៍ណែនាំដែលមានសុពលភាពរហូតដល់ថ្ងៃទី ១៧ ខែឧសភា នេះបាននិយាយថា អ្នកដែលមានបំណងចាកចេញ​ពីប្រទេសឡាវ ត្រូវតែអនុវត្តន៍តាមច្បាប់ និងបទប្បញ្ញត្តិនៃប្រទេសគោលដៅ។

ក្រសួងសុខាភិបាលឡាវបានប្រកាសនៅក្នុងសន្និសីទកាសែតកាលពីថ្ងៃទី ៨ ឧសភាថា ប្រទេសនេះនៅតែកត់ត្រាចំនួនអ្នកឆ្លង​ជំងឺកូវីដ-១៩ ចំនួន ១៩ករណីដដែល ដោយកត់សម្គាល់ថា ក្នុងរយៈពេល ២៧ថ្ងៃជាប់ៗគ្នានេះមិនមានការរកឃើញអ្នកឆ្លងថ្មីនោះទេ។ ក្នុងចំណោមអ្នកជំងឺទាំងនោះមាន ១៤នាក់បានជាព្យាបាលសះស្បើយឡើងវិញហើយ៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)