មន្ទីរកសិកម្មខេត្តកំពតជំរុញដល់ប្រជាកសិករចងក្រងជាសមាគមចិញ្ចឹមមាន់ដើម្បីងាយស្រួលក្នុងការរកទីផ្សារ

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 08,05,2020៖

មន្ទីរកសិកម្មខេត្តកំពត ជំរុញដល់ប្រជាកសិករចងក្រងជាសមាគម ចិញ្ចឹមមាន់ ដើម្បីងាយស្រួលក្នុងការរកទីផ្សារ ខណះបច្ចុប្បន្នកំពុងជួបបញ្ហាជំងឺកូវីដ-១៩ ។

លោក ចាន់ រិទ្ធិ  ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពត បានមានប្រសាសន៏ថា ទោះបីការផ្គត់ផ្គង់ក្នុងខេត្តបានគ្រប់គ្រាន់ និងនៅសេសសល់សំរាប់នាំចេញក៏ដោយ ក៏មន្ទីរនៅតែបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះណែនាំនិងជំរុញ ដល់ប្រជាកសិករឲ្យបង្កើតទៅជាបណ្តុំអាជីវកម្មចិញ្ចឹមមាន់បន្ថែមទៀត ដើម្បីរក្សាស្ថិរភាពថ្លៃនៅលើទីផ្សារ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ស្របពេលកំពុងមានការរីករាលដាននៃជំងឺកូវីដ-១៩ ។

មានប្រសាសន៍នៅក្នុងសន្និសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការបន្តរបស់រដ្ឋបាលខេត្តកំពត» នៅ ស្តីការគណៈរដ្ឋមន្រ្តី លោកបានបញ្ជាក់ថា មន្ទីរកសិកម្ម តែងតែចុះជំរុញនិងណែនាំកសិករ ពីបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ សំរាប់គាំទ្របច្ចេកទេសជូនកសិករ ពីធាតុចូលកសិកម្ម ជួយផ្នែកធុរៈកិច្ចកសិកម្ម ដែលជាជំនួយជួយដល់កសិករឲ្យផលិត តាមកិច្ចសន្យា ដើម្បីប្រមូលលក់បានក្នុងតម្លៃសមរម្យ ។ទន្ទឹមនឹងនេះដើម្បីអនុវត្តតាមកិច្ចសន្យានោះ យើងត្រូវបង្កើតពួកក្រុមគាត់ទៅជាបណ្ដុំអាជីវកម្ម គឺជំរុញពួកគាត់ទៅជាបណ្ដុំអាជីវកម្មចិញ្ចឹមមាន់ យើងបានបង្កើតមកបាន៩ក្រុមហើយ ចឹងគាត់ចិញ្ចឹមមាន់ ភ្ញាស់ពងមាន់អីចឹងទៅតាមអាជីវកម្មរបស់គាត់ ឧបមាថា 20គ្រួសារហ្នឹងយើងកំណត់ថ្ងៃអីនឹងគេ ហើយមានទទួលទិញណាត់ជួបគ្នាម៉ោងណា មាន់ក្នុងតម្លៃក្នុងកិច្ចព្រមព្រៀងរវាងអ្នកលក់និងអ្នកទិញ ។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងផ្តល់ពូជសត្វ ពិសេសពូជមាន់ដែលមានរយៈពេលខ្លីទទួលផល ព្រមទាំងចំណីសត្វដល់អ្នកចិញ្ចឹមដើម្បីពង្រីកផលិតកម្មសត្វ ៕