ក្រសួងបរិស្ថានបន្តប្រគល់សម្ភាររបស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ដល់ខេត្តជុំវិញបឹងទន្លេសាប

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៨ ០៥ ២០២០៖

ក្រសួងបរិស្ថាន បានបន្តប្រគល់ម៉ូតូថ្មីចំនួន៦គ្រឿង និងសម្ភាររបស់គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» ជូនដល់មន្ទីរបរិស្ថានខេត្តកំពង់ធំ បន្ទាប់ពីខេត្តកំពង់ស្ពឺ ខេត្តកោះកុង និងថ្មីៗនៅខេត្តសៀមរាប។
ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន នៅថ្ងៃទី៨ ខែឧសភានេះ បានបញ្ជាក់ថា ការប្រគល់សម្ភារនេះ បង្ហាញឱ្យឃើញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីបរិស្ថាន និងមន្រ្តីឧទ្យានុរក្ស ក្នុងការបំពេញការងារកន្លងមក និងបន្តធ្វើឱ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើ នៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ដែលជាគោលបំណងចំបងរបស់គម្រោងផងដែរ។
ឯកឧត្តម មានប្រសាសន៍ថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» បានរៀបចំ និងគាំទ្រដល់សហគមន៍ទេសចរណ៍ធម្មជាតិ ដែលមាននៅក្នុងតំបន់ការពារធម្មជាតិ ដែលមានសក្តានុពលនៅតំបន់បឹងទន្លេសាប ដែលក្នុងនោះគាំទ្រដល់ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើឱ្យវិស័យទេសចរណ៍ ទាក់ទាញសក្តានុពល បង្កើតបានជាប៉ូលទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ប្រមូលថវិកា ចូលជាតិ និងបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ ។
ឯកឧត្តម បានជំរុញឲ្យគណៈបញ្ជាការឯកភាពខេត្ត មន្ទីរបរិស្ថាន និងមន្ត្រីឧទ្យានុរក្ស ខិតខំប្រឹងប្រែងយ៉ាងណាពង្រឹងបន្ថែមទៀត ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះ ដោយបង្កើនសកម្មភាពល្បាតទប់ស្កាត់នូវបទល្មើសផ្សេង ដើម្បីថែរក្សាបាននូវសម្បត្តិធនធានធម្មជាតិនៅក្នុងតំបន់ការពារ ធម្មជាតិ ពិសេស ក្នុងដែនជម្រកសត្វព្រៃ ” ព្រៃឡង់ “៕