អាជ្ញាធរខេត្តកំពតនឹងបន្តអភិវឌ្ឍន៍ឆ្នេរថ្មីស្អាតដើម្បីលើកកម្ពស់វិស័យទេសចរណ៍

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា ០៨.៥.២០២០

អាជ្ញាធរខេត្តកំពតនឹងបន្តអភិវឌ្ឍន៍ឆ្នេរថ្មីស្អាតដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ប្រកបដោយចីរភាព និងគុណភាព ។
ថ្លែក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនិងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពតនៅ ព្រឹកថ្ងៃទី ៨ ខែ ឧសភានេះ នាទីស្តីការគណៈរដ្ឋមន្ត្រី លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតមានប្រសាសន៍ថា អាជ្ញាធរខេត្តក៏បានជំរុញការអនុវត្តផែនការ សម្រាប់ការអភិវឌ្ឍទេសចរណ៍នៅខេត្តកំពតនេះ ដើម្បីបង្កើនផលិតផលទេសចរណ៍ឲ្យកាន់តែសម្បូរបែបសម្រាប់ឱ្យភ្ញៀវទេសចរ អាចទស្សនាកំសាន្តនិងស្នាក់នៅយូរជាងមុន។
លោកបានបញ្ជាក់ថា ផែនការសម្រាប់អភិវឌ្ឍន៍ទេសចរតំបន់ឆ្នេរសមុទ្រកម្ពុជានេះ ដើម្បីធានានូវកិត្យានុភាព« ឆ្នេរសមុទ្រកម្ពុជា ជាឆ្នេរសមុទ្រដែលស្អាតជាងគេបំផុតលើសកលលោក»។លើសពីនេះទៅទៀតធ្វើឲ្យប្រជាជននៅសហគមន៍មូលដ្ឋានមានមុខរបរ មានការងារធ្វើនឹងទទួលផលពីសកម្មភាពទេសចរណ៍ ។
«ដោយសារខេត្តកំពតអត់ទាន់មានឆ្នេរចឹងគិតថាពីរនេះទៅមុខក្នុងផែនការ ៥ឆ្នាំទៅមុខ។ ជំរុញការអភិវឌ្ឍឆ្នេរខេត្តកំពតឆ្នេរកែបថ្មីនៅខាងលិចខេត្តកំពត រដ្ឋបាលខេត្ត កំពុងសិក្សាកន្លងមកប្រសិទ្ធនាមឈ្មោះអ្វីនៅឆ្នេរនោះ ? ហើយកន្លងមកនេះរដ្ឋបាលខេត្តមានមហិច្ឆតា ថាធ្វើឲ្យបើកដំណើរការបាន ខ្លះបណ្តើរៗ មុនពេលចូលឆ្នាំដោយសារយើងមានបញ្ហាជំងឺកូវីដ១៩ទៅ យើងក៏ពន្យារពេលទៅ ។យើងមានកោះមួយ គឺកោះសេះ កោះសេះនេះមានឆ្នេរខ្សាច់ដ៏ល្អ ធម្មជាតិនៅលើកោះស្អាតទាំងស្រុង។ កោះនោះមានផ្ទៃដីប្រមាណជាង ៥០០ ហិកតា មានសក្តានុពលដ៏ធំ សម្រាប់ការរៀបចំបម្រើឲ្យផលប្រយោជន៍ទេសចរណ៍»។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា វិស័យទេសចរណ៍កម្ពុជានៅមានសក្តានុពលច្រើនក្នុងការជំរុញការអភិវឌ្ឍសង្គម និងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវគោលដៅភ្ញៀវទេសចរចំនួន១៥ លាននាក់ ជាមួយចំណូលប្រមាណ១០ប៊ីលាន ដុល្លារអាមេរិក និងការបង្កើតការងារបានប្រមាណ ២លាននាក់ នៅឆ្នាំ២០៣០ ៕