រដ្ឋបាលខេត្ដកំពត ប្ដេជ្ញារក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍក្នុងខេត្ដឱ្យមានការរីកចំរើនបន្ថែមទៀត

វិទ្យុជាតកម្ពុជា៖លោកជួន បូណា ០៨ ០៥ ០២០៖

រដ្ឋបាលខេត្ដកំពត បានប្ដេជ្ញារក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងការអភិវឌ្ឍក្នុងខេត្ដឱ្យមានការរីកចំរើនបន្ថែមទៀត ដើម្បីប្រែក្លាយទីក្រុងកំពតឱ្យកាន់តែមានភាពស៊ីវីល័យ និងមានការទាក់ទាញភ្ញៀវទេសចរ។
លោក ភូ លិ អភិបាលរងខេត្តកំពត មានប្រសាសន៍ថា រដ្ឋបាលខេត្ដកំពត និងមន្ទីរអង្គភាពពាក់ព័ន្ធរួមទាំងមន្រ្ដីរាជការកងកម្លាំប្រដាប់អាវុធគ្រប់ប្រភេទ នឹងខិតខំរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ដ រួមមានការសាងសង់ជួសជុលប្រព័ន្ធផ្លូវគមនាគមន៍ ការរៀបចំប្រព័ន្ធរំដោះទឹកកខ្វក់ រៀបចំប្រព័ន្ធទឹកស្អាត រៀបចំទីតាំងដាក់សំរាម រៀបចំឆ្នេរសមុទ្រ កសាងកែលម្អរសួនច្បារ ការរៀបចំបន្ទប់ទឹកអនាម័យ ដាំដើមឈើ បំពាក់ភ្លើងអគ្គីសនីតាមផ្លូវសាធារណៈ សម្អាតអនាម័យបរិស្ថាន និងធានាសន្ដិសុខសណ្ដាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។
លោកបានបញ្ជាក់ថា ការខិតខំរៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ដកំពតនេះ ដើម្បីដើម្បីប្រែក្លាយទីក្រុង និងបង្កើនការទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ដនៅក្នុងខេត្ដ ដែលជួយបង្កើតការងារជូនប្រជាពលរដ្ឋដែលធ្វើឱ្យជីវភាពរបស់ពួកកាត់កាន់ធូធារ ។
លោកបានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះខេត្ដកំពតមានការអភិវឌ្ឍ និងទាក់ទាញការវិនិយោគយ៉ាងច្រើនដូចជា ការវិនិយោគការផលិតស៊ីម៉ង ការវិនិយោគវារីអគ្គសនី និងកន្លែងកំពង់ផែទេសចរណ៍ទឹកជ្រៅ ដែលគ្រោងដាក់អោយប្រើប្រាស់នៅពេលឆាប់ៗនេះ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្ដកំពតបានលើកឡើងថា មន្ទីរទេសចរណ៍នឹងចូលរួមកែលម្អរ និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សំខាន់ៗជាច្រើនទៀត ដើម្បីប្រែក្លាយខេត្ដកំពត ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមកលេងកម្សាន្តម្តងហើយចង់មកម្តងទៀត។
លោកឧត្តមសេនីយ៍ត្រី ម៉ិញ សុខេង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឱ្យដឹងដែរថា ស្នងការដ្ឋាននគរបាលខេត្តពង្រីកកិច្ចសហការជាមួយអាជ្ញាមូលដ្ឋានដើម្បីបង្កើនការគ្រប់គ្រងឱ្យបានគ្រប់សភាពការណ៍ ដែលឆ្លើយតបឱ្យបានទាន់ពេលវេលាក្នុងការធានាឱ្យភូមិឃុំមានសុវត្ថិភាព៕