អភិបាលរងខេត្តកំពត​លើកឡើងថា ដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅតែ​បន្ដ​ដំណើរការទៅមុខ​ បើទោះបីជាមានការលំបាកមួយចំនួនក៏ដោយ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០

លោក ភូ លិ អភិបាលរងខេត្តកំពត បានអះអាងថា ដំណើរការផលិតអំបិលក្នុងខេត្តកំពត នៅតែបន្ដដំណើរការទៅមុខដូចធម្មតា បើទោះបីកន្លងទៅ មានជួបការលំបាកមួយចំនួន​ដូចជាបញ្ហាបម្រែបម្រួលអាកាសធាតុ និងដើមទុនសម្រាប់ធ្វើអាជីវកម្មជាដើម។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់​រដ្ឋ​បាល​ខេត្តកំពត» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៨​ ខែឧសភា ឆ្នាំ២០២០​ លោក ភូ លិ បានគូសបញ្ជាក់ថា​ ជាមោទនភាពសម្រាប់ខេត្តកំពត​ គឺ​ជា​កន្លែងផលិតអំបិល ហើយដែលបានចែកចាយជូនប្រជាពលរដ្ឋនៅទូទាំង​ប្រទេស​កម្ពុជា ដែលជាអំបិលមានគុណភាពល្អ។ សម្រាប់លោក ភូ លិ កន្លងមកពេលដែលសហគមន៍​អំបិល​កើតឡើង សហគមន៍អំបិលក៏មានការព្រួយបារម្ភថា ពេលដែលផលិតបានទៅច្រើន យើងពិបាករកទីផ្សារ ប៉ុន្ដែកន្លងទៅមកដោយសារតែបម្រែបម្រួលអាកាសធាតុផង, វិបត្តិ​ផល​ទុនផង ធ្វើឱ្យអ្នកផលិតអំបិលមានការលំបាកបន្ដិច។

ពាក់ព័ន្ធនឹងបញ្ហាអំបិលនេះដែរ បច្ចុប្បន្នថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម វិទ្យា​សាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមជាមួយគណៈអភិបាលខេត្តកំពត កំពុងខិតខំធ្វើយ៉ាង​ណារឹតត្បិត​​អំបិល ដែលមានសារធាតុគីមី នាំចូលមកពីប្រទេសជិតខាងយកមកចែកចាយ​ក្នុង​ប្រទេសកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក​ ភូ​ លិ។

សូមជម្រាបជូនថា ក្នុងរយៈពេល៤ខែ ឆ្នាំ២០២០នេះ ការផលិតអំបិលនៅក្នុង​ខេត្ត​កំពត បានចំនួន២៧,៧៧៥តោន ក្នុងនោះបានផ្គត់ផ្គង់ទៅលើទីផ្សារ ចំនួន១២,៣៣២​តោន៕ ដោយ៖ ចាន់ សុធីវង្ស