ក្រសួងទេសចរណ៍បន្តអភិវឌ្ឍវិស័យទេសចរណ៍ក្នុងសម័យកូវីដ-១៩

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

MC៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បញ្ជាក់ថា ក្រសួងទេសចរណ៍បន្តអភិវឌ្ឍវិស័យទេសចរណ៍ក្នុងសម័យកូវីដ-១៩ដើម្បីស្តារវិស័យនេះឱ្យល្អប្រសើឡើងវិញ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍មានប្រសាសន៍កាលពីពេលថ្មីៗនេះថា ផែនការ កម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរអន្តរជាតិក្នុងរង្វង់៧លាននាក់នៅចន្លោះឆ្នាំ២០២០ដល់ឆ្នាំ២០២២នោះគឺត្រូវពន្យាពេលទៅឆ្នាំ២០២៣ឬឆ្នាំ២០២៥វិញ។

ឯកឧត្តមបញ្ជាក់ថា ដោយសាតែការឆ្លងរីករាលដាននៃជំងឺកូវីដ-១៩នេះក្រសួងទេសចរណ៍បានសម្រួលផែនការដែលបានដាក់ចេញរួចហើយឡើងវិញ និងដោះស្រាយបញ្ហាចំពោះមុខតាមរយៈការពង្រឹងសេវាកម្មឱ្យមានស្តង់ដាអនាម័យពង្រឹងសមត្ថភាពធនធានមនុស្សដើម្បីស្រោចស្រង់វិស័យទេសចរណ៍កម្ពុជាឡើងវិញ។

សូមជម្រាបថា នៅក្នុងត្រីមាសទី១ឆ្នាំ ២០២០នេះប្រទេសកម្ពុជា ទទួលបានភ្ញៀវអន្តរជាតិប្រមាណ ១,១លាននាក់ គឺមានការថយចុះ៦២ភាគរយបើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕