អាជ្ញាធរជាតិអប្សរានិងព្រះសង្ឃនៅវត្តព្រះឥន្ទទេពសហការគ្នាអភិរក្សសំណង់បេតិកភណ្ឌសាសនាឱ្យបានគង់វង្ស

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត

MC៖ អាជ្ញាធរជាតិអប្សរានិងព្រះសង្ឃសហការគ្នាដើម្បីអភិរក្សសំណង់បេតិកភណ្ឌសាសនាឱ្យបានគង់វង្សសម្រាប់ទុកឱ្យកូនចៅជំនាន់ក្រោយបានស្គាល់និងគោរពប្រតិបត្តិតាមបែបជំនឿសាសនា។

ព្រះពិក្ខុ សិក្ខាសុកោសែម  សំព្រះ គ្រូចៅអធិការវត្តព្រះឥន្ទទេពឱ្យដឹងថា ព្រះអង្គបានសម្រេចព្រះទ័យសាងសង់រោងឧបោសថធ្វើអំពីឈើបែបប្រពៃណី ដែលមិនប៉ះពាល់ដល់បុរាណដ្ឋានវិញ បន្ទាប់ពីអ្នកបច្ចេកទេសរបស់អាជ្ញាធរជាតិអប្សរាពិគ្រោះយោបល់ឃើញថា សំណង់ធ្វើពីបេតុងជាសំណង់អាចប៉ះពាល់ខ្លាំងដល់បុរាណដ្ឋានហេដ្ឋារចនាសម្ពន្ធសំណង់បុរាណនៅខាងក្រោមដីដោយមិនអាចរក្សាបាននូវស្ថាបត្យកម្មដើម។

វត្តព្រះឥន្ទទេពស្ថិតនៅទិសខាងលិចឈៀងខាងត្បូងនៃប្រាសាទបាយ័ន្តដែលជារាជធានីបុរាណនាសម័យអង្គរ ។ រោងឧបោសថនេះ បានចាប់ផ្តើមជួសជុលតាំងពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ហើយក្រុមការងារកិច្ចការវត្តអារាមនៃអាជ្ញាធរជាតិអប្សរា តែងចុះពិនិត្យការដ្ឋាននោះជាប់ជានិច្ច ដើម្បីឱ្យស្របតាមលក្ខណៈបច្ចេកទេស និងប្លង់ស្ថាបត្យកម្មបែបបុរាណខ្មែរ។

គិតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ការជួសជុលបានរួចរាល់ប្រមាណ៧០%                 ហើយ ។

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា នឹងនៅតែបន្តចុះពិនិត្យ រហូតដល់ការជួសជុលបានរួចរាល់១០០%។ ព្រះតេជគុណបានអំពាវនាវដល់វត្តអារាមទាំងអស់រាល់សំណង់គឺសុំសាងសង់ពីឈើជំនួសបេតុងវិញ ព្រោះថាការអភិរក្សមរតកវប្បធម៌នេះជាសម្បត្តិវប្បធម៌នៃមនុស្សជំនាន់មុនឱ្យនៅបន្តរស់ទៅដល់អ្នកជំនាន់ក្រោយទៀត៕