រាជរដ្ឋាភិបាលកម្ពុជាជំរុញឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុក

វិទ្យុជាតិកម្ពុជា ៖ សេង សុផាន់ណា ថែ្ងទី ៨ ខែឧសភា ឆ្នាំ ២០២០៖

រាជរដ្ឋាភិបាលកម្ពុជាជំរុញឲ្យប្រជាពលរដ្ឋចូលរួមគាំទ្រនិងប្រើប្រាស់ផលិតផលក្នុងស្រុកអោយកាន់តែច្រើន ដើម្បីចូលរួមចំណែកលើកម្ពស់ផលិតផលជាតិ បង្កើតការងារ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លោក ឈា ឡាហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និង មធ្យម នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ មានប្រសាសន៍ថា ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា មិនចាញ់ផលិតផលដែលនាំចូលពីបរទេសនោះទេ ទាំងការវិចខ្ចប់និងការរក្សាអនាម័យគឺមានគុណភាពល្អ។ ហើយផលិតផលទាំងអស់មុននឹងដាក់ឲ្យធ្វើចរាចរនៅលើទីផ្សា ត្រូវឆ្លងកាត់ការវិភាគ ការត្រួតពិនិត្យយ៉ាងល្អិតល្អន់ពីស្ថាប័នជំនាញ ជាពិសេសផលិតផលចំណីអាហារ។
លោកបន្តថា បច្ចុប្បន្ននេះប្រពលរដ្ឋភាគច្រើន មានការយល់ដឹងពីសុវត្ថិភាពលើចំណីអាហារ ហើយ បានងាកមកគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុកកាន់តែច្រើនឡើងៗ ជាពិសេសផលិតផលធម្មជាតិ ឬ ផលិតផលគ្មានគីមី។ ពីមុនដោយសារតែកម្ពុជាមានខ្វះខាត់នូវការផ្តល់ព័ត៌មានអំពីស្តង់ដាផលិតផលផ្សេងៗ ធ្វើឲ្យពួកគាត់មានការស្ទាក់ស្ទើរ ក្នុងសម្រេចចិត្តយកផលិតផលក្នុងស្រុកទៅប្រើប្រាស់។
« អញ្ចឹង គឺសំដៅទៅលើការជួយជំរុញទាំងអស់គ្នា ទាំងវិស័យរដ្ឋ ទាំងវិស័យឯកជន អ្នក ប្រើប្រាស់ ទាំងអស់ព្រមគ្នា យើងមើលផលិតផលណាមានស្តងដា យើងជួយលើកតម្កើងគ្នា ជួយ ផ្សព្វផ្សាយ ជាពិសេសបងប្អូនខាងមេឌែរជួយជំរុញបន្ថែមទៀត ក្នុងលក្ខខ័ណ្ឌណាមួយដែលអាចជួយ ជំរុញបាន ដើម្បីអោយផលិតផលខ្មែរយើងមានការទទួលស្គាល់កាន់តែខ្លាំងឡើង»។
សូមបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ បានទម្លាក់ថវិកាទន់ចំនួន១០០លានដុល្លារ ក្នុងការ ផ្ដល់ទុនដល់សហគ្រាសធុនតូច និងមធ្យមសម្រាប់បង្កើនមុខរបរ បច្ចុប្បន្ន ធានាគារសហគ្រាសធុនតូច និងមធ្យម ព្រមទាំងស្ថាប័នមីក្រូហិរញ្ញវត្ថុមានចំនួន៣៣ ដែលកំពុងនឹងដំណើរការនូវទូទាំងប្រទេស៕