កិច្ចព្រមព្រៀងស្តីពី ថវិកាបដិភាគការពារជាតិរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ត្រូវតែមានភាពសមហេតុសមផលសម្រាប់ភាគីទាំងអស់

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងការបរទេសរបស់ទីក្រុងសេអ៊ូលបាននិយាយថា កិច្ចពិភាក្សា​អំពីការចំណាយថវិកាបដិភាគក្នុងវិស័យការពារជាតិ ដែលកំពុងដំណើរការរវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ចាំបាច់ត្រូវចាត់ទុកថា​ ជាការសមហេតុសមផលសម្រាប់គ្រប់ភាគី។

នៅក្នុងសន្និសីទសង្ខេបជាទៀងទាត់មួយ អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងត្បូង លោក  Kim In-chul បាននិយាយថា ខណៈដែលទាំងទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ចង់បានការរៀបចំប្រកបដោយភាពត្រឹមត្រូវ និងសមភាព វាធ្វើឱ្យមានភាពខុសគ្នា​នៃទស្សនវិស័យ ដោយលើកឡើងថា សហរដ្ឋអាមេរិកប្រហែលជាបានបញ្ជូនសំណើថ្មីមួយដែលមិនត្រូវបានទទួលយកដោយសម្ព័ន្ធមិត្ត​របស់ខ្លួន។

មន្ត្រីរូបនោះបានបដិសេធមិនធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ ដែលអះអាងថា សហរដ្ឋអាមេរិកបានផ្តល់​សំណើថ្មីមួយ ដែលអំពាវនាវឱ្យមានការបង្កើនការចូលរួមចំណែករបស់ទីក្រុង សេអ៊ូលចំនួន ១,៣ប៊ីលានដុល្លារអាម៉េរិក។

ប្រភពនេះបាននិយាយថា បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានច្រានចោលការបង្កើនចំណែកនៃ​ថវិកាបដិភាគសម្រាប់ការចំណាយចំនួន ១៣ភាគរយដោយប្រទេសកូរ៉េខាងត្បូង បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ មក ទីក្រុងវ៉ាស៊ីនតោន​ប្រហែលជាបានទម្លាក់សំណើថវិកាពីដំបូងដែលមានចំនួន ៥ប៊ីលានដុល្លារអាម៉េរិក មកនៅកម្រិតទាបជាងនេះ។

លោក Trump បានអះអាងថា កូរ៉េខាងត្បូងត្រូវការចំណាយបន្ថែមទៀតសម្រាប់ការការពារខ្លួនក្រោមកិច្ចព្រមព្រៀងវិធានការ​ពិសេស (SMA) ។

កិច្ចពិភាក្សាដែលមានលក្ខណៈស្រដៀងគ្នានេះផ្សេងៗទៀតបានឱ្យដឹងថា បើទោះបីជាមានការចរចាជាច្រើនលើកក៏ដោយ ក៏សម្ព័ន្ធមិត្តមិនទាន់បានឈានដល់កិច្ចព្រមព្រៀងស្តីពីការបន្តលក្ខខណ្ឌសម្រាប់ថវិកាបដិភាគនៃការចំណាយរបស់ទីក្រុងសេអ៊ូល ដើម្បី​រក្សាកងទ័ពសហរដ្ឋអាមេរិកចំនួន ២៨.៥០០នាក់ដែលឈរជើងនៅលើដីរបស់ខ្លួននៅឡើយទេ៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)