កូរ៉េខាងត្បូងអំពាវនាវឱ្យមានកិច្ចសម្របសម្រួលគោលនយោបាយ ក្នុងចំណោមប្រទេសនៅអាស៊ី​បូព៌ា ដើម្បីកាត់បន្ថយផលប៉ះពាល់ សេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃទី​៧ ខែឧសភា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃសាធារណរដ្ឋកូរ៉េបានជំរុញឱ្យបណ្តា​ប្រទេសនៅអាស៊ីបូព៌ាបង្កើនកិច្ចសម្របសម្រួលគោលនយោបាយ ដើម្បីកាត់បន្ថយការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារការរីករាលដាលនៃ​ជំងឺកូវីដ-១៩ ។

លោក Han Kyeong-ho មន្ត្រីជាន់ខ្ពស់នៃក្រសួងនេះ និងជាសហប្រធាននៃបណ្តាញគ្រប់គ្រងការចំណាយសាធារណៈនៅ​អាស៊ី (PEMNA) បានធ្វើការកត់សម្គាល់ជូននេះក្នុងអំឡុងពេលនៃកិច្ចប្រជុំតាម វីដេអូមួយ ជាមួយមន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់មកពី ១៤ ប្រទេសក្នុងតំបន់។

លោក Han បាននិយាយថា គោលនយោបាយសារពើពន្ធបានដើរតួយ៉ាងសំខាន់សម្រាប់សាធារណរដ្ឋកូរ៉េក្នុងការរុករកការធ្លាក់​ចុះនៃសេដ្ឋកិច្ច​ដែលបណ្តាលមកពីជំងឺរាតត្បាតនេះ។

លោកបាននិយាយបន្ថែមទៀតថា ប្រទេសនានាក្នុងតំបន់ត្រូវតែជំរុញកិច្ចសម្របសម្រួលគោលនយោបាយដើម្បីជំរុញកំណើន​សេដ្ឋកិច្ចឡើងវិញ។

PEMNA មានសមាជិក ១៤ប្រទេស ដោយក្នុងនោះមាន ១០ប្រទេសមកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) រួមជាមួយសាធារណរដ្ឋកូរ៉េ ចិន ទីម័រខាងកើតនិងម៉ុងហ្គោលី៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)