ព័ត៌មានពាក្យចចាមអារ៉ាមអំពីមេដឹកនាំកូរ៉េខាងជើង បង្ហាញអំពីឥទ្ធិពលនៃព័ត៌មានក្លែងក្លាយ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមរបស់កូរ៉េខាងត្បូង លោក Kim Yeong-chul បាននិយាយថា ភាពច្របូកច្របល់កាលពីពេលថ្មីៗនេះជុំវិញបញ្ហាសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក  គីម ជុងអ៊ុន បានបង្ហាញ​អំពីរបៀបដែល «ព័ត៌មានក្លែងក្លាយ» អាចជះឥទ្ធិពលដល់សេដ្ឋកិច្ច ដូចជាផ្សារភាគហ៊ុន និងទីផ្សារហិរញ្ញវត្ថុជាដើម។

​ការរាយការណ៍នូវការសង្ស័យអំពីសុខភាពរបស់លោក គីម បានរីករាលដាលយ៉ាងខ្លាំងបន្ទាប់ពីលោកមិនបានបង្ហាញខ្លួននៅ​ក្នុងព្រឹត្តិការណ៍ជាតិដ៏សំខាន់មួយកាលពីខែមុន។ ទូរទស្សន៍ CNN បានរាយការណ៍ថា លោក គីម អាចស្ថិតក្នុង «គ្រោះថ្នាក់ធ្ងន់ធ្ងរបន្ទាប់​ពីការវះកាត់» ខណៈដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សេងទៀតបាននិយាយថា លោកត្រូវបានគេជឿជាក់ថា កំពុងស្ថិតក្នុងស្ថានភាព​សន្លប់ ឬស្លាប់បាត់ទៅ​ហើយ។

មន្ត្រីកូរ៉េខាងត្បូងរួមទាំងរដ្ឋមន្រ្តី នៃក្រសួងបង្រួបបង្រួមផងបានច្រានចោលពាក្យចចាមអារ៉ាមបែបនេះ នឹងបានចាត់ទុកជា​ព័ត៌មានក្លែងក្លាយ ប៉ុន្តែការប៉ាន់ស្មាននៅតែបន្តរហូតដល់លោក គីម បានបង្ហាញខ្លួនជាសាធារណៈកាលពីសប្តាហ៍មុន ដោយមានស្នាមញញឹមយ៉ាងទូលំទូលាយ និងមិនមានសញ្ញានៃជំងឺអ្វីមួយឡើយ។

រដ្ឋមន្រ្តីរូបនេះបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា «យើងបានឃើញផ្ទាល់នូវផលប៉ះពាល់នៃព័ត៌មានក្លែងក្លាយ ដែលមានទៅលើផ្សារភាគហ៊ុន និងទីផ្សារហិរញ្ញវត្ថុ»។

លោកបាននិយាយថា «នៅពេលធ្វើការវិភាគស៊ើបការណ៍ យើងមិនអាចពិចារណាអំពីផលប៉ះពាល់ដែលវាអាចជះឥទ្ធិពលដល់​ស្ថានការណ៍នយោបាយ និងថា តើវាអាចជះឥទ្ធិពលយ៉ាងដូចម្តេចដល់សេដ្ឋកិច្ចនោះទេ។ អ្វីដែលសំខាន់ជាងនេះ គឺការទទួលខុសត្រូវ​នៅក្នុងការស៊ើបការណ៍»៕

(ប្រភព Yonhab បកប្រែដោយ លោក យា ចិន្តាខន្តី)