អ្នកលក់ចំណីអាហារតាមផ្លូវនៃបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ទប់ទល់នឹងការបិទទ្វារប្រទេស

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ — សារព័ត៌មាន Bangkok Post បានរាយការណ៍ថា ដោយយោងពីក្រុមនានា នៅក្នុងបណ្តាញ​សង្គម ហ្វេសប៊ុកនៃក្រុមផ្តល់សេវាកម្មចែកចាយ​ក្នុងស្រុក អ្នកលក់ចំណីអាហារតាមផ្លូវនៃបណ្តាប្រទេសនៅអាស៊ី   អាគ្នេយ៍ កំពុងតែបង្កើត​វិធីច្នៃប្រឌិត ដើម្បីលក់របស់របររបស់ពួកគេនៅ​ពេលដែលពួកគេកំពុងតស៊ូដើម្បីរស់ក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺរាតត្បាត​កូវីដ-១៩ ។

តំបន់នេះត្រូវបានគេស្គាល់ថា ជាតំបន់ដែលផ្តល់នូវការសប្បាយរីករាយសម្រាប់ការអង្គុយញ៉ាំចំណីអាហារនៅតាមផ្លូវ ដែលមាន​ដូចជាបាយដំណើបស្វាយ និងសម្លរការីដ៏សំបូរបែបជាដើម។

ប៉ុន្តែ ការរឹតត្បិតដែលបានដាក់ចេញឡើងដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគនេះបានបង្ខំឱ្យអាជីវករទាំងនោះឈប់លក់ដូរនៅតាម​ដងផ្លូវ ហើយនៅពេលនេះពួកគេត្រូវធ្វើអាជីវកម្មទាំងនោះវិញ បើទោះបីជាមានភាពរអាក់រអួល ដើម្បីស្វែងរកមធ្យោបាយថ្មីៗក្នុងការបំពេញ​តម្រូវការរបស់ពួកគេ។

ហើយបើទោះបីជាការបិទទ្វារប្រទេសត្រូវបានបន្ធូរបន្ថយនៅកន្លែងខ្លះក៏ដោយ ក៏អាជីវកម្មទំនងជានឹងងើបឡើងវិញយឺត ខណៈ​ដែលមនុស្សជាច្រើននៅតែបន្តគោរពតាមវិធានការគម្លាតសង្គមនៅឡើយ។

ចុងភៅម្នាក់នៅក្នុងប្រទេសសិង្ហបុរីដែលមានហាងលក់ចំណីអាហារនៅទីធ្លាអាហារដ្ឋានវាលធំមួយកន្លែងដែលត្រូវបានហាមឃាត់ បានបង្កើតក្រុមនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយកំពុងជួយអ្នកលក់ដែលមិនសូវមានបច្ចេកវិទ្យាដើម្បីផ្សាយពាណិជ្ជកម្មក្នុង​ការដឹកជញ្ជូនចំណីអាហារឱ្យភ្ញៀវ។

លោក Melvin Chew មានអាយុ ៤២ឆ្នាំ ដែលមានតូបលក់មី និងទាខ្វៃបាននិយាយថា ឥឡូវនេះក្រុមនេះមានសមាជិកជាង ២៥០.០០០នាក់ ដែលមានទាំងអ្នកលក់អាហារ និងអតិថិជន។

លោក Chew បាននិយាយថា មានអ្នកគាំទ្រជាច្រើនដែលបានជួយចែករំលែកទំព័រហ្វេសប៊ុកមួយនេះ​ ដែលវាបានជួយដល់អ្នក​ដែលចូលចិត្តញ៉ាំអាហារតាមផ្លូវ។

នៅទីក្រុងបាងកកប្រទេសថៃ សណ្ឋាគារតូចមួយបានប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលដើម្បីជួយអ្នកលក់អាហារតាមផ្លូវនៅតាម​សង្កាត់របស់ពួកគេ។

ជាថ្មីម្តងទៀត ក្រុមហ៊ុន Hostel បានបង្កើតសេវាកម្មដឹកជញ្ជូនភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ជាមួយអតិថិជននៅក្នុងតំបន់​តាមរយៈកម្មវិធីផ្ញើសារ LINE ហើយចំណាយប្រាក់កម្រៃជើងសារត្រឹមតែ ១៥ភាគរយប៉ុណ្ណោះដែលវាមានតម្លៃទាបជាងសេវាកម្ម​អនឡាញដទៃទៀត៕

(ប្រភព VNA បកប្រែដោយ លោក យា ចិន្តាខន្តី)