គ្មានភ័ស្តុតាងណាមួយបញ្ជាក់ថា មេរោគកូរ៉ូណាវីរុស ត្រូវបានបង្កើតឡើងដោយមនុស្សនៅក្នុងប្រទេសចិននោះទេ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ — រដ្ឋមន្រ្តីក្រសួងសុខាភិបាលអង់គ្លេស លោក Matt Hancock បាននិយាយថា រដ្ឋាភិបាល​អង់គ្លេសមិនបានឃើញភ័ស្តុតាងណាមួយដែលបង្ហាញថា មេរោគកូរ៉ូណាវីរុសដែលបណ្តាលឱ្យមានជំងឺកូវីដ-១៩ ត្រូវបានបង្កើតឡើង​ដោយមនុស្សនោះទេ។

លោក Hancock បានធ្វើការកត់សម្គាល់ដូចនេះនៅពេលលោកចូលរួមក្នុងកម្មវិធីសំណួរ និងចម្លើយមួយជាមួយទូរទស្សន៍ Sky News និងជាការឆ្លើយតបទៅនឹងសំណួរពីអ្នកទស្សនា និងអ្នកអានអំពីមេរោគ កូរ៉ូណាវីរុសនេះ។

នៅពេលដែលត្រូវបានសួរដោយអ្នកទស្សនា លោក John Fletcher ថា តើមានទំនាក់ទំនងរវាង វីរុសនេះ និងមន្ទីរពិសោធន៍ ស្រាវជ្រាវវីរុសនៅទីក្រុង Wuhan របស់ប្រទេសចិនដែរឬទេ? រដ្ឋមន្ត្រីរូបនេះបាននិយាយថា «យើងបានពិនិត្យទៅលើបញ្ហានេះរួចហើយ ប៉ុន្តែយើងមិនមានភស្តុតាងណាមួយដែលបញ្ជាក់ថា នេះជាវីរុសដែលបង្កឡើងដោយមនុស្សនោះទេ»។

លោកបាននិយាយបន្ថែមថា «ខ្ញុំយល់ពីអ្វីដែលលោក John (អ្នកទស្សនា) ចង់សំដៅទៅលើ ប៉ុន្តែយើងមិនបានឃើញភ័ស្តុតាង​ណាមួយនៃទំនាក់ទំនងនេះទេ»។

បន្ទាប់មក លោក Hancock ត្រូវបានគេសួរអំពីមូលហេតុដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជំរុញទ្រឹស្តីនេះ នឹងបានថា អាម៉េរិកបានចែករំលែកភ័ស្តុតាងមួយចំនួនជាមួយសមភាគីអង់គ្លេសរបស់ពួកគេរួចហើយ។ លោកបាន​និយាយថា «យើងមិនបានឃើញភ័ស្តុតាងណាមួយនៃទំនាក់ទំនងគ្នានេះទេ ដូច្នេះគ្មានអ្វីដែលខ្ញុំបានឃើញ ដែលបញ្ជាក់អំពីការពិភាក្សា​នៃការចោទប្រកាន់ដែលលោក John ចង់សំដៅដល់នោះទេ»។

ទន្ទឹមនឹងនេះដែរ កាលពីថ្ងៃទី ១ ឧសភា អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ជាថ្មីថា មេរោគឆ្លងកូរ៉ូណាវីរុស ដែល​បណ្តាលឱ្យមានជំងឺកូវីដ-១៩ គឺ «មានប្រភពដើមពីធម្មជាតិ»។

លោក Michael Ryan នាយកប្រតិបត្តិកម្មវិធីសុខភាពបន្ទាន់នៃអង្គការ WHO បានប្រាប់សន្និសីទសារព័ត៌មានមួយពីទីក្រុង​ហ្សឺណែវថា អ្នកវិទ្យាសាស្ត្រដែលកំពុងពិនិត្យមើលហ្សែនរបស់វីរុសនោះបានអះអាង «ម្តងហើយម្តងទៀតថា វីរុសនេះមានលក្ខណៈ​ធម្មជាតិ»។

កាលពីខែមុន អង្គការ WHO បាននិយាយថា រាល់ភ័ស្តុតាងដែលអាចរកបាន បានបង្ហាញថា មេរោគថ្មីនេះមានដើមកំណើត​ពីសត្វ ហើយមិនមែនជាវីរុសដែលត្រូវបានរៀបចំ ឬបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ ឬកន្លែងណាផ្សេងទៀតនោះទេ៕

(ប្រភព Xinhua បកប្រែដោយ លោក យា ចិន្តាខន្តី)