សម្តេចតេជោ បន្តក្រើនរំឮកដល់បងប្អូនជនរួមជាតិ និងក្មួយៗ ត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ស្រី​ ផន​ វាសនា​

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដាស់តឿននិងក្រើនរំឮកដល់បងប្អូនជនរួមជាតិ និងក្មួយៗ គឺត្រូវនាំគ្នាយកចិត្តទុកដាក់ពីការថែទាំសុខភាព ចៀសវាងការឆ្លងរោគកូវីដ១៩។ ទោះបីអត្រាឆ្លងនៃជំងឺកូវីដ១៩ ត្រូវបានធ្លាក់ចុះនៅក្នុងប្រទេសកម្ពុជាយើងក្តី ហើយអត្រានៃការព្យាបាលអ្នកជំងឺនេះបានជាសះស្បើយនៅសល់តែ២នាក់ទៀតប៉ុណ្ណោះក្តី ក៏យើងមិនត្រូវធ្វេសប្រហែស ហើយគិតស្រាលថាជំងឺនេះមិនអីទេនៅក្នុងប្រទេសកម្ពុជាឬគិតថាកម្ពុជាជាប្រទេសក្តៅមិនងាយឆ្លង គឺមិនដូច្នេះទេ។ ព្រោះជំងឺនេះជាជំងឺកាចសាហាវហើយងាយឆ្លងពីម្នាក់ទៅម្នាក់លឿនខ្លាំងណាស់។ សម្តេចតេជោ បានសរសេរក្នុងហ្វេសប៊ុកផ្លូវការរបស់សម្តេចនៅថ្ងៃទី៨ ខែឧសភានេះ ថា មកទល់ពេលនេះទាំងកម្ពុជា និងពិភពលោកគឺកំពុងរួមដៃគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ហើយថ្នាំព្យាបាលជំងឺនេះក៏មិនទាន់រកឃើញនៅឡើយដែរ។ ដូច្នេះជំងឺដ៏កាចសាហាវនេះ នៅតែបន្តយាយីអាយុជីវិតពលរដ្ឋនៅទូទាំងពិភពលោក ដែលប្រទេសមួយចំនួនធំកំពុងបិទប្រទេសគេនៅឡើយ។សម្តេចតេជោ បញ្ជាក់ថា ទោះបីនៅក្នុងរាជធានីភ្នំពេញក្តី ឬនៅតាមបណ្តាខេត្តក្រុងឬជនបទក្តី សូមបងប្អូនបន្តពាក់ម៉ាស ឬក្រមាការពារ និងដុសលាងសម្អាតដៃដោយទឹកអាល់កុល ឬទឹកជឹលសម្អាតកម្ចាត់មេរោគនឹងបាក់តេរីផ្សេងៗអោយបានជាប្រចាំ ចៀសវាងការចម្លងរោគពីម្នាក់ទៅម្នាក់ដែលនាំមកនូវការសោកស្តាយអស់មួយជីវិត។ប្រសិនបើមានករណីសង្ស័យ សូមរាយការណ៍មកក្រសួងសុខាភិបាលជាបន្ទាន់ តាមរយៈលេខ ១១៥ ៕