អភិបាលស្រុកបន្ទាយស្រី រំពឹងថាកម្មវិធី «ស្រែសង្គម» នឹងអាចជួយសម្រាលបន្ទុក ប្រជាពលរដ្ឋខ្វះខាត ក្នុងអំឡុងវិបត្តិកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ08,05,2020៖

អភិបាលស្រុកបន្ទាយស្រី រំពឹងថា កម្មវិធី«ស្រែសង្គម» នឹងអាចជួយសម្រាលបន្ទុកជីវភាព ដល់ប្រជាពលរដ្ឋដែលខ្វះខាត ខណៈដែលកម្ពុជា ក៏ដូចជាបណ្តាលប្រទេសនៅលើពិភពលោកកំពុងជួបនឹងវិបត្តិជំងឺកូវីដ-១៩។
លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ការធ្វើស្រែសង្គមនេះ គឺរដ្ឋបាលខេត្តបានជួលដីស្រែពីប្រជាពលរដ្ឋ ដើម្បីធ្វើស្រែយកទិន្នផល ចែកជូនពលរដ្ឋដែលខ្វះខាត។ លោកបន្តទៀតថា រដ្ឋបាលខេត្ត បានបង្កើតគម្រោង «ស្រែសង្គម» ក្នុងន័យជួយសម្រាលបន្ទុកដល់ជនខ្វះខាតឬទីទ័លក្រក្នុងស្រុកទាំងមូល ដូចជាជនចាស់ជរា ជនពិការ ឬជនរងគ្រោះ ពិសេសពលរដ្ឋដែលប៉ះពាល់ខ្លាំង ខណះដែលកំពុងជួបវិបត្តិជំងឺកូវីដ-១៩។ លោកបន្តថា បច្ចុប្បន្ននេះ មានកសិករចំនួន៣៩គ្រួសារ ដែលព្រមផ្តល់ដីស្រែឱ្យរដ្ឋបាលស្រុកបន្ទាយស្រី យកអនុវត្តន៍គម្រោងស្រែសង្គម ក្នុងនោះពលរដ្ឋដែលផ្តល់ស្រែឱ្យក្នុងគម្រោងនេះ នឹងទទួលបានស្រូវចំនួន៤០០គីឡូក្រាម ក្នុងមួយហិកតា ដោយពុំមានការចំណាយអ្វីទាំងអស់។ «សំឡេង៖ ដោយសារតែប្រជាពលរដ្ឋនៅទីនេះ គឺងាយរងផលប៉ះពាល់ពីការប្រែប្រួលពីជីវិជ្ជមានណាមួយ ហើយយើងឃើញថា រហូតមកដល់ថ្ងៃនេះកូវីដ១៩បាន ជះឥទ្ធិពលមកលើប្រជាពលរដ្ឋនៅក្នុងស្រុកធ្វើឲ្យពិបាករកការងារធ្វើ ហើយមានប្រជាពលរដ្ឋខ្លះទៀតបានបន្ថែមសមាជិតមកពីប្រទេសថៃឬមកពីក្រៅដែលមានកូនចៅ ធ្លាប់មានការងារធ្វើនៅក្នុងខេត្តក្នុងវិស័យទេសចរណ៍ ឥឡូវត្រូវត្រឡប់មកចូលមកនៅក្នុងមូលដ្ឋានវិញ ដូច្នេះពួកគាត់ប្រឈមនឹងការខ្វះខាតស្បៀង ហើយជម្រើសមួយដែលយើងអាចពិចារណា និងធ្វើបាន គឺធ្វើជាស្រែប៉ុន្តែរធ្វើមិនមែនដើម្បីប្រាក់ចំណេញ ហើយបានជាស្រូវយកមកលក់នៅក្នុងតម្លៃសង្គមមួយ បានន័យថាលក់នៅក្នុងតម្លៃធូរថ្លៃជាងពាក់កណ្តាលនៃទីផ្សារ ប៉ុន្តែយើងយកលុយដែលយើងបានតម្លៃតិចតួច យកហ្នឹងមកបន្តធ្វើទៀត ខ្ញុំជឿថាបើយើងធ្វើនៅទម្រង់នេះ ប្រហែលជាមាននិរន្តរភាព ហើយយើងអាចពង្រីកអោយធំ ដោយស្រុកនិងពិចារណាក្នុងការពង្រីកវិសាលភាពនៃគម្រោងរបស់ខ្លួន ដែលអាចនឹងជ្រើសរើសនៅទីតាំងផ្សេង ដែលមិនចាំបាច់នៅជាប់ប្រភពទឹក ប៉ុន្តែឥឡូវនេះគឺយើងចាំបាច់ធ្វើនៅតំបន់ដែលមានប្រភពទឹកគ្រប់គ្រាន់។»
លោកអភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា បច្ចុប្បន្ននេះគម្រោងស្រែសង្គម កំពុងចាប់ផ្តើមអនុវត្តន៍ក្នុងដំណាក់កាលទី១ ដោយរំពឹងថា អាចព្រួសគ្រាប់ស្រូវនៅដើមខែឧសភា ហើយនឹងទទួលបានផលនៅក្នុងខែសីហា។ ដោយក្នុងនោះរដ្ឋបាលស្រុក បានជ្រើសរើសប្រភេទស្រូវស្រាល គឺមានរយៈពេលប្រមាណ១០០ថ្ងៃ និងអនុវត្តន៍បាន២ជុំ ក្នុងឆ្នាំ ២០២០នេះ ហើយរដ្ឋបាលស្រុក នឹងពិចារណាពង្រីកផ្ទៃដីបន្ថែមទៀត ដែលបច្ចុប្បន្នមានត្រឹមប្រមាណ៤០ហិកតា៕