រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងពិភាក្សា ដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ

វិទ្យុជាតិកម្ពុជា៖ លោក អាត ចន្ធូ ០៨ ០៥ ២០២០ ៖

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។
មានប្រសាសន៍ក្នុងពិធីបើកកិច្ចប្រជុំ ស្ដីពីការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម មានប្រសាសន៍ថា កិច្ចប្រជុំអន្តរក្រសួងនាថ្ងៃនេះ គឺឆ្លើយតាមសំណើរពីឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ពាក់ព័ន្ធនឹងភាពចង្អៀតណែនក្នុងពន្ធនាគារ និងការកកស្ទះសំណុំរឿង។
សម្ដេចក្រឡាហោមបានបន្តថា ក្នុងស្ថានភាពនៃការប្រឈមមុខនឹងវិបត្តិកូវីដ-១៩ ថ្វីដ្បិតថាមានបណ្ដាប្រទេសមួយចំនួនបានសម្រេចដោះលែងអ្នកទោសខ្លះ ប៉ុន្តែនៅកម្ពុជា ស្ថានភាពមិនទាន់ឈានដល់ដំណាក់កាលនេះនៅឡើយទេ។ សម្ដេចក្រឡាហោម បញ្ជាក់ថា យុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង និងភាពចង្អៀតណែនក្នុងពន្ធនាគារគឺជាកិច្ចសំខាន់បំផុតមួយរបស់ក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ទន្ទឹមនឹងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។
សូមបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ បទល្មើសគ្រឿងញៀនបានស្ថិតក្នុងភាគរយខ្ពស់ជាងគេ ធៀបនឹងបទល្មើសផ្សេងៗដែលបានបញ្ជូនមកតុលាការ ខណៈបទល្មើសនេះក៏មិនត្រូវបានអនុញ្ញាតឱ្យស្នើសុំលើកលែង និងបន្ធូរបន្ថយទោសដែរ ៕