កម្ពុជាត្រៀមបញ្ជូនអត្តពលិក១៥ប្រភេទកីឡាទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលយូរ

វិទ្យុជាតិកម្ពុជា​៖​ ដោយ​ លោក​ ជៀង​ យ៉ា​រ៉េត​

កម្ពុជាត្រៀមបញ្ជូនអត្តពលិក១៥ប្រភេទកីឡាទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលយូរ ។​
លោក វ៉ាត់ ចំរើន អគ្គលេខាធិ ការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES ២០២៣ហៅកាត់CAMSOC កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំជាមួយសហព័ន្ធកីឡាជាតិចំនួន១២ ដើម្បីបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិនរយៈពេលយូរ នៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
លោកវ៉ាត់ ចំរើន បានមានប្រសាសន៍ថា កម្ពុជានឹងបញ្ជូនកីឡាករកីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិន ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែបើបញ្ហាកូវីដ-១៩ នៅមិនទាន់ធូរស្រាលទេ នោះអាចនឹងទៅនៅខែមីនា ឆ្នាំ២០២១វិញ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាSEA GAMES លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម និង SEA GAMES លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។
លោកបានបន្តថា សហព័ន្ធកីឡាជាតិត្រូវពិចារណាក្នុងការជ្រើសរើសកីឡាករកីឡាការិនីសម្រាប់បញ្ជូនទៅហ្វឹកហាត់រយៈពេលយូរនេះ ដោយអត្តពលិកត្រូវមានសក្តានុពល គឺមាន ឆន្ទៈក្នុងការហ្វឹកហាត់ក្រៅប្រទេសឲ្យបានច្បាស់លាស់ ដែលកន្លងមក មានកីឡាករ-កីឡាការិនីមួយចំនួនធ្វើការហ្វឹកហាត់បានត្រឹមពី៣ទៅ៤ខែ បែរជាសុំឈប់ហ្វឹកហាត់ សកម្មភាពបែបនេះនឹងធ្វើឲ្យបាត់បង់ពេលវេលាដ៏មានតម្លៃហើយ។
លោកអគ្គលេខាធិការបានបន្ថែមទៀតថា សម្រាប់ការធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសចិនគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES ២០២៣ចេញថ្លៃសំបុត្រយន្តហោះ ចំណែកប្រាក់ហោប៉ៅគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡា SEA GAMES ២០២៣នឹងធ្វើការពិភាក្សាជាមួយក្រសួងអប់រំ យុវជន និងកីឡា៕