រាជរដ្ឋាភិបាលដាក់ចេញកញ្ចប់ថវិកា ៥០លានដុល្លារអាម៉េរិក ផ្តល់កម្ចីការប្រាក់ទាបលើវិស័យកសិកម្ម សិប្បកម្ម

AKP កណ្តាល ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ —

រាជរដ្ឋាភិបាល តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ និង កសិកម្ម បានដាក់កញ្ចប់ថវិកា ៥០លានដុល្លារអាម៉េរិក លើវិស័យកសិកម្ម ដូចជា ការចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងការដាំដុះបន្លែបង្ការជាដើម ក្នុងស្ថានភាពដែលរាជរដ្ឋាភិបាល បាន និងកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ក្នុងឱកាសចូលរួមធ្វើធ្វើបទបង្ហាញ លទ្ធភាពឥណទានអត្រាការប្រាក់ទាប ឱ្យដល់កសិករ សិប្បករ សហគ្រាសធុនតូច និងមធ្យម នៅទូទាំងខេត្តកណ្តាល ប្រមាណជាង ៥០០នាក់ នៅសាលាខេត្តកណ្តាលនារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះ ឯកឧត្តម កៅ ថាច បានប្រកាសជូនដំណឹងដល់ម្ចាស់សិប្បកម្ម ម្ចាស់សហគ្រាសធុនតូច និងមធ្យម ក្នុងវិសយ័កែច្នៃផលិតផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម និងវិស័យកសិកម្ម លើកលែងតែសិប្បកម្ម សហគ្រាសធុនតូច និងមធ្យមលើវិស័យស្រូវ អង្ករ ដែលមានតម្រូវការឥណទានសម្រាប់ពង្រីកអាជីវកម្ម សូមទាក់ទងព័ត៌មានបន្ថែម តាមរយៈ ទូរសព្ទ័លេខ ០៧៧ ៧៥៩ ១៥៩, ០១២ ៧០៦ ៦៣៦ និង ០៩៩ ៧១០ ៧៨៩ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គង់ សោភណ្ឌ័ អភិបាលខេត្តកណ្តាល បានស្នើឱ្យ កសិករ សិប្បករ សហគ្រាសធុនតូច និងមធ្យម រៀបចំផែនការឱ្យបានច្បាស់លាស់ លើការដាំដុះ ការចិញ្ចឹម និងការផលិត ដើម្បីធ្វើការផ្គត់ផ្គង់ទីផ្សារឱ្យបានតាមតម្រូវការ ដោយចៀសវាងការដាំដុះ ឬផលិតលើសតម្រូវការ ជាហេតុធ្វើឱ្យតម្លៃធ្លាក់ចុះ។

ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា គោលបំណងដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម មកធ្វើបទបង្ហាញនាពេលនេះ គឺចង់ផ្សព្វផ្សាយអំពីគោលការណ៍ឥណទាន ដែលមានអត្រាការប្រាក់អនុគ្រោះចំនួន ៦ភាគរយប្រចំាឆ្នាំ សម្រាប់ជាទុនបង្វិល រយៈពេលខ្លី ហើយ ៦,៥ភាគរយ ប្រចំាឆ្នាំ សម្រាប់ទុនវិនិយោគ រយៈពេលវែង និង លក្ខខណ្ឌសមស្របមួយចំនួន ដើម្បីទទួលបានឥណទានពីកម្មវិធីហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៥០លានដុល្លារអាម៉េរិក ៕ ដោយ៖ ណយ នឿន