រយៈពេល​២ថ្ងៃ​ អ្នករត់ម៉ូតូកង់បី​ និងម៉ូតូធំ​ សម្រុកទៅដាក់ពាក្យប្រឡងយក ប័ណ្ណបើកបរជាង២៥០០នាក់​

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០

លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវ គោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០នេះថា ក្នុងរយៈពេល២ថ្ងៃ​ គឺថ្ងៃចន្ទ​ និង​ថ្ងៃអង្គារ​កន្លងមកនេះ ប្រជាពលរដ្ឋដែល​ជា អ្នករត់​ម៉ូតូ​កង់​បី ​ និង​ម៉ូតូ​ធំបាននាំគ្នាសម្រុកទៅដាក់ពាក្យ​ និង​ប្រឡង​យក​ប័ណ្ណ​បើកបរ​នៅ​អង្គភាពផ្តល់ប័ណ្ណបើកបរប្រមាណជាង២៥០០នាក់​ ប៉ុន្តែការរៀបចំប្រឡងបន្ទប់អាចទទួល បានតែពី១៦០ ទៅ១៨០នាក់ប៉ុណ្ណោះ​។

លោក​បន្ត​ថា​ ជាក់​ស្ដែង​ រយៈពេល​២ថ្ងៃ​នេះ ក្រុមអ្នក ម៉ូតូកង់បី​ និងម៉ូតូធំ​បាន​ប្រឡង យកប័ណ្ណបើកបរ​ចំនួន២៨០នាក់​ ប្រឡង​ជាប់​១២៤នាក់​ និង​ប្រឡង​ធ្លាក់​ចំនួន១៥៨នាក់​។

លោក ឡូវ នីកូវឌ្ឍនា​ បាន​ឱ្យដឹង​ទៀត​ថា​ ទោះ​បី​ចំនួនអ្នកដាក់ពាក្យប្រឡង​មានចំនួន ច្រើន​ និង​ការប្រឡងជាក់ស្តែងមានកំណត់ក្តី​ ប៉ុន្តែក្រុមការងារនៅតែបន្តទទួលពាក្យ​ ដើម្បី រៀបចំការប្រឡងទៅតាមលេខរៀងជាបន្តបន្ទាប់រហូតដល់អស់​។ ​ សម្រាប់​លក្ខខណ្ឌ​ក្នុងការ ប្រឡង​ បេក្ខជន​ ត្រូវមាន​អត្តសញ្ញាណ​ប័ណ្ណ​ជនជាតិ​ខ្មែរ​ លិខិត​បញ្ជាក់​កាយ​សម្បទា ​ឬសុខ ភាព​មួយ​សន្លឹក​ រូបថត​សខ្មៅ៤x៦ចំនួន៤សន្លឹក​ និង​ត្រូវ​បង់តម្លៃចំនួន៤១០០០រៀល គឺបង់ តាមរយៈប្រព័ន្ធវីង​។

លោក ឡូវ នីកូវឌ្ឍនា​ បាន​បញ្ជាក់​ថា​  ចំពោះ​ការប្រឡងយកប័ណ្ណបើកបរ​ គឺធ្វើនៅ​អង្គភាព​ផ្តល់​ប័ណ្ណបើកបរនៃមន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ ប៉ុន្តសម្រាប់ ការពន្យារប័ណ្ណដែលអស់សុពលភាព គឺមានធ្វើនៅផ្សារទំនើប AEON MALLទី១ និងនៅផ្សារ ទំនើប AEON MALLទី២ តែការប្រឡង​ គឺមានតែនៅ​នៅ​អង្គភាព​ ផ្តល់​ប័ណ្ណបើកបរនោះទេ​ ។

លោក ឡូវ នីកូវឌ្ឍនា ប្រធានអង្គភាពផ្តល់ប័ណ្ណបើកបរ និងសុវត្ថិភាពចរាចរណ៍ផ្លូវ គោក នៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំង​អស់​សូមទៅធ្វើជាមួយមន្ត្រីនៅទីនោះផ្ទាល់​ដែលមានតារាងតម្លៃត្រឹមត្រូវ​ និង​ច្បាស់លាស់​៕ ដោយ សួស សំរិត