ឆ្មាំបដិវត្ត ៣នាក់​ត្រូវបានរាយការណ៍ថា បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នាមួយ នៅប្រទេសអ៊ីរ៉ង់ភាគខាងលិច

AKP  ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ — ទីក្រុងតេអេរ៉ង់ បានធ្វើយុទ្ធនាការប្រឆាំងភេរវកម្មកម្រិតទាប ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធនៅក្នុង​ប្រទេសអ៊ីរ៉ង់ភាគពាយ័ព្យអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយចោទប្រកាន់សហរដ្ឋអាមេរិក អ៊ីស្រាអែល និងអារ៉ាប៊ី​សាអូឌីតថា បានផ្តល់ការគាំទ្រដល់ក្រុមបំបែកខ្លួនក្នុងតំបន់ និងចោទប្រកាន់មន្រ្តីនៅអ៊ីរ៉ាក់ឃឺដថា បានជួយបំពាក់អាវុធ នឹងហ្វឹកហាត់​ដល់ទ័ពព្រៃទាំងនោះ។

សារព័ត៌មាន Tasnim បានរាយការណ៍ថា មានកងទ័ពឆ្មាំបដិវត្តអ៊ីស្លាម (IRGC) ចំនួន ៣នាក់ត្រូវបានសម្លាប់នៅក្នុងការ​ប៉ះទង្គិចគ្នាមួយកាលពីថ្ងៃអង្គារនៅខាងក្រៅទីប្រជុំជន Divandarreh នៃប្រទេសអ៊ីរ៉ង់ភាគខាងលិច។

ខ្មាន់កាំភ្លើងដែលមិនដឹងពីចំនួនពិតប្រាកដក៏ត្រូវបានគេនិយាយថា ត្រូវបានសម្លាប់ផងដែរនៅក្នុងការប្រយុទ្ធគ្នានៅខាងក្រៅទីរួមខេត្តឃឺដអ៊ីរ៉ង់នោះ។

អ្នកនាំពាក្យរបស់ IRGC មិនបានបញ្ជាក់ច្បាស់ថា ក្រុមសកម្មប្រយុទ្ធមួយណាចូលរួមក្នុងការប៉ះទង្គិចគ្នានេះទេ ដោយគ្រាន់តែ​បញ្ជាក់ថា ក្រុមយុទ្ធជនគ្រាន់តែជាធាតុផ្សំនៃ «ភេរវករប្រឆាំងបដិវត្ត» តែប៉ុណ្ណោះ។

រដ្ឋាភិបាលអ៊ីរ៉ង់បានប្រយុទ្ធប្រឆាំងនឹងកងជីវពលបំបែកខ្លួន និងកងជីវពលឃឺដមួយចំនួននៅភាគ ពាយ័ព្យរបស់ប្រទេសនេះ​អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយក្រុមឧទ្ទាមបានធ្វើការវាយប្រហារប្រឆាំងនឹងអង្គភាពឆ្មាំ និងទីតាំងរបស់រដ្ឋ។ ផ្នែកខ្លះក្នុង​ចំណោមអង្គភាពទាំងនេះ រួមទាំងគណបក្សជីវិតសេរីឃឺដក៏ត្រូវបានចោទប្រកាន់ថា ត្រូវបានឧបត្ថម្ភដោយ CIA និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់លោកខាងលិច ក៏ដូចជា Mossad ផងដែរ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)