គ្រាប់រ៉ុក្កែត ៣គ្រាប់បានបាញ់ធ្លាក់នៅក្បែរអាកាសយានដ្ឋានបាកដាដ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ — យោងតាមកងទ័ពអ៊ីរ៉ាក់បានឱ្យដឹងថា ការវាយប្រហារនេះមិនបានបណ្តាលឱ្យមានមនុស្សស្លាប់ និងរបួសឡើយ។ វាកើតឡើងជាបន្តបន្ទាប់នៃការវាយប្រហារជាសេរីដោយគ្រាប់រ៉ុក្កែត លើទីតាំងប្រេងនៅអ៊ីរ៉ាក់ ដែលមួយជាកម្មសិទ្ធិរបស់​ក្រុមហ៊ុនប្រេងចិន និងមួយទៀតជារបស់ក្រុមហ៊ុនសហរដ្ឋអាមេរិក។

យោធាអ៊ីរ៉ាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែត Katyusha ចំនួន ៣គ្រាប់បានធ្លាក់នៅក្បែរ​អាកាសយានដ្ឋានអន្តរជាតិ Baghdad កាលពីព្រឹកថ្ងៃពុធ។

គ្រាប់រ៉ុក្កែតនេះត្រូវបានគេរាយការណ៍ថា បានបាញ់ឆ្ពោះទៅកាន់ផ្នែកយោធានៃព្រលានយន្តហោះ ដោយមិនបណ្តាលឱ្យមាន​មនុស្សស្លាប់ និងរបួសឡើយ ប៉ុន្តែបានធ្វើឱ្យខូចខាតដល់ហាងកាហ្វេរបស់ឆ្មាំពន្ធនាគារ និងធុងទឹក។

យោធាបានចេញផ្សាយរូបថតនៃគ្រាប់រ៉ុក្កែតដែលមានប្រព័ន្ធកំណត់ពេលវេលាមួយដែលវាបាននិយាយថា ត្រូវបានគេរកឃើញ​នៅក្នុងសង្កាត់ al-Bakriya នៃទីក្រុងបាកដាដ ដែលមានទីតាំងស្ថិតនៅភាគខាងជើងឆៀងខាងកើតនៃព្រលានយន្តហោះ។ គេនៅមិន​ទាន់ដឹងច្បាស់ទេថា អ្នកណាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

នៅក្នុងវគ្គពីរដាច់ដោយឡែកពីគ្នាកាលពីខែមេសា គ្រាប់រ៉ុក្កែតជាច្រើនបានបាញ់ធ្លាក់នៅក្បែរទីតាំងប្រេងដែលជាកម្មសិទ្ធិរបស់​ក្រុមហ៊ុនចិន និងសហរដ្ឋអាមេរិក ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ។ មិនមានការអះអាងទទួលខុសត្រូវណាមួយទាក់ទងនឹងការ​វាយប្រហារនោះទេ។

ការវាយប្រហារកាលពីថ្ងៃពុធនេះ កើតឡើងនៅពេលដែលសភាអ៊ីរ៉ាក់គ្រោងនឹងកោះប្រជុំនៅថ្ងៃក្រោយ ដើម្បីអនុម័តគណៈរដ្ឋមន្រ្តី​ថ្មីមួយដែលស្នើឡើងដោយនាយករដ្ឋមន្រ្តី លោក Mustafa Al Kadhimi ។

ប្រទេសនេះមិនមានការគ្រប់គ្រងពេញលេញទេចាប់តាំងពីខែធ្នូមក នៅពេលដែលនាយករដ្ឋមន្រ្តី លោក Adel Abdul Mahdi បានលាលែងពីតំណែងបន្ទាប់ពីមានបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលមានអំពើហិង្សា។ បច្ចុប្បន្ននេះ លោក Abdul Mahdi កំពុងបម្រើការជានាយករដ្ឋមន្ត្រីប្រចាំការ៕

(ប្រភព Sputnik បកប្រែដោយ លោក យា ចិន្តាខន្តី)