នាយករដ្ឋមន្ត្រីរុស្ស៊ីបានជាសះស្បើយឡើងវិញពីជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ — កាលពីថ្ងៃពុធ នៅក្នុងកិច្ចប្រជុំមួយស្តីពីវិធានការសេដ្ឋកិច្ច និងសង្គម ប្រធានាធិបតីរុស្ស៊ី លោក  វ៉្លាឌីមៀរ ពូទីន បានបង្ហើបឱ្យដឹងថា នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Mikhail Mishustin ដែលបានឆ្លងមេរោគ កូរ៉ូណាវីរុស នៅពេលនេះបានជា​សះស្បើយឡើងវិញហើយ។

លោកប្រធានាធិបតីរូបនេះបានកត់សម្គាល់ថា «មុនពេលចាប់ផ្តើមកិច្ចប្រជុំរបស់យើងនាពេលនេះ ខ្ញុំចង់និយាយថា លោក Mikhail Mishustin កំពុងផ្ញើសេចក្តីគោរពរបស់លោកទៅអ្នកគ្រប់គ្នា។ លោកមានសភាពគ្រុនក្តៅដូចដែលវាកើតឡើងក្នុងករណី​ទាំងអស់ ប៉ុន្តែពេលនេះលោកបានជាសះស្បើយវិញហើយ»។

លោក ពូទីន បាននិយាយបន្ថែមថា លោករក្សាទំនាក់ទំនងជាមួយលោក Mishustin ជារៀងរាល់ថ្ងៃ។ លោកប្រធានាធិបតីរូប​នេះបានបញ្ជាក់ថា «ជារៀងរាល់ថ្ងៃ លោក Mikhail Mishustin បានចូលរួមក្នុងការងារ និងក្នុងការរៀបចំរាល់សេចក្តីសម្រេចរបស់យើង» ។

កាលពីថ្ងៃទី ៣០ ខែមេសា លោក Mishustin បានធ្វើបទសម្ភាសន៍តាមវីដេអូមួយជាមួយលោក ពូទីន នៅពេលដែលលោកបានបង្ហាញថា លោកបានឆ្លងមេរោគកូរ៉ូណាវីរុសនេះ។ លោកនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ដោយអនុលោមតាមក្រុមអ្នកឃ្លាំមើលអ្នក​ប្រើប្រាស់រុស្ស៊ី លោកគួរតែដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីគេ ហើយធ្វើតាមបទបញ្ជារបស់វេជ្ជបណ្ឌិត។ លោក ពូទីន បានតែងតាំង​ឧបនាយករដ្ឋមន្រ្តីទីមួយ លោក Andrei Belousov ឱ្យធ្វើជាប្រមុខរដ្ឋាភិបាលស្តីទី ខណៈដែលលោក Mishustin បានជាសះស្បើយឡើងវិញ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)