រុស្ស៊ី និងចិន ផ្លាស់ប្តូរព័ត៌មានគ្នាទៅវិញទៅមកអំពីការព្យាបាលជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ — លេខាធិការសារព័ត៌មានប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានប្រាប់បណ្តាញ​ទូរទស្សន៍សហរដ្ឋអាមេរិក CNBC ថា ប្រទេសរុស្ស៊ី និងចិន បានជជែកគ្នាអំពីវិធីនៃការព្យាបាលដែលពួកគេប្រើប្រឆាំងនឹងជំងឺពាក់ព័ន្ធនឹង​មេរោគកូរ៉ូណាវីរុស និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹងការតស៊ូជាមួយនឹងការឆ្លងរីករាលដាលនៃមេរោគនេះ។

លោកបាននិយាយអំពីទំនាក់ទំនងរវាងក្រុងមូស្គូ និងរដ្ឋធានីប៉េកាំងចំពេលដែលមានប្រទេសមួយចំនួនបានចោទប្រកាន់​ប្រទេសចិនថា បានលាក់ព័ត៌មានអំពីជំងឺរាតត្បាតនេះនៅក្នុងដំណាក់កាលដំបូងថា «វាជាទំនាក់ទំនងនៃការយោគយល់គ្នា និងកិច្ចសហ​ប្រតិបត្តិការទៅវិញទៅមក ហើយយើងកំពុងព្យាយាមទាញយកប្រយោជន៍ពីកិច្ចសហប្រតិបត្តិការទៅវិញទៅមកនៅក្នុងវិបត្តិដ៏ធ្ងន់ធ្ងរមួយ​នេះ ដោយយើងកំពុងផ្លាស់ប្តូរព័ត៌មាន និងពិធីសារនៃការព្យាបាលជំងឺរាតត្បាតនេះ»។

សម្រាប់ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក ដែលស្ថិតក្នុងចំណោមអ្នកដែលសង្ស័យអំពីការបើកចំហពេញលេញ​របស់ចិនទាក់ទងនឹងការកើតឡើងនៃមេរោគកូរ៉ូណាវីរុសនេះ លោក Peskov បានកត់សម្គាល់ថា «វាអាចមានភាពប្រសើរជាងនេះ»។

លោកបាននិយាយថា «ជាទូទៅ យើងមិនមានអារម្មណ៍ថា មានហេតុផលណាមួយដែលមានសុទិដ្ឋិនិយមចំពោះទំនាក់ទំនង​ទ្វេភាគីរបស់យើងនោះទេ [ជាមួយសហរដ្ឋអាមេរិក]។ ជាអកុសល ផ្ទុយទៅវិញទំនាក់ទំនងរបស់យើងជាមួយចិន គឺល្អ ហើយយើងឱ្យតម្លៃ និងប្តេជ្ញារក្សាទំនាក់ទំនងនេះ»។

រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Michael Pompeo បាននិយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងវ៉ាស៊ីនតោន មានភ័ស្តុតាងបញ្ជាក់ថា វីរុសនេះបានចាប់ផ្តើមរាលដាលពីមន្ទីរពិសោធន៍មួយក្នុងទីក្រុង Wuhan ប្រទេសចិន។ ដូចគ្នានេះផងដែរ លោក Pompeo បានឆ្លើយតបដូចនេះនៅក្នុងការបញ្ជាក់មួយនៅពេលដែលត្រូវបានគេសួរថា តើលោកជឿថា វីរុសនេះត្រូវបានបង្កើតឡើង​ដោយសិប្បនិម្មិត?។ ជាថ្មីម្តងទៀត លោកបានចោទប្រកាន់អាជ្ញាធរចិនពីបទលាក់ព័ត៌មានមួយចំនួនទាក់ទងនឹងការរីករាលដាលនៃ​មេរោគកូរ៉ូណាវីរុសនេះ៕

(ប្រភព TASS បកប្រែដោយ លោក យា ចិន្តាខន្តី)