រាជរដ្ឋាភិបាល សន្យាជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមដែលប្រឈមនឹងជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា ០៧ ០៥ ០២០៖

រាជរដ្ឋាភិបាល សន្យាជួយលើកកម្ពស់សហគ្រាសធុនតូច និងមធ្យមដែលប្រឈមនឹងជំងឺកូវីដ១៩ ដើម្បីធានានិរន្ដរភាពនៃការធ្វើអាជីវកម្មរបស់វិស័យដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាមួយនេះ។
លោក ឈា ឡាហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម នៃកក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ថា ក្រសួងបានដាក់ចេញនូវគោលនយោបាយមួយចំនួន ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមណា ដែលមានបញ្ហាប្រឈមខ្លាំងជាងគេ បន្ទាប់ពីជំងឺកូវីដ១៩ ត្រូវបានបញ្ចប់ ។
ទោះជាយ៉ាងនេះក្តី លោកមិនទាន់បញ្ជាក់ថា យុទ្ធសាស្រ្ដនេះ មានអ្វីខ្លះនោះទេ ដោយថា រង់ចាំពេលដែលសហគ្រាសធុនតូច និងមធ្យមទាំងនោះប្រឈមជាក់ស្ដែងជាមុនសិន។
លោកមានប្រសាសន៍ថា ក្រសួងបានកំណត់ជាទំនិញយុទ្ធសាស្រ្ដផ្សេងៗ ដើម្បីត្រៀមបង្ការក្នុងករណីមានរលកទី២ និងទី៣ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ដែលអាចកើតមានឡើងនៅពេលណាមួយ។

លោកបានបន្ថែមថា កន្លងមកប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញវិធានការដោះស្រាយជាបន្ទាន់ដល់រោងចក្រសហគ្រាស តាមរយៈការសម្របសម្រួលជាមួយប្រទេសចិន ដើម្បីនាំចូលនូវវត្ថុធាតុដើមបម្រើឱ្យវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់៕