ក្រសួងបរិស្ថានប្រគល់ម៉ូតូ៦គ្រឿងសម្រាប់អនុវត្តគម្រោងការពារតំបន់ទេសភាពនៅខេត្តសៀមរាប

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ០៥ ២០២០

ក្រសួងបរិស្ថានប្រគល់ម៉ូតូចំនួន៦គ្រឿង ដល់មន្ទីរបរិស្ថានខេត្តសៀមរាប សម្រាប់អនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» សំដៅគាំពារបរិស្ថាន កាអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាព
ថ្លែងក្នុងពិធីប្រគល់ និងទទួលម៉ូតូSUZUKI SMASH ចំនួន៦គ្រឿង ដល់មន្ទីរបរិស្ថានខេត្តសៀមរាប នៅថ្ងៃទី៧ ខែឧសភានេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ថា ការផ្តល់នេះ គឺជាជំហានទីមួយក្នុងក្របខណ្ឌគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា តាមរយៈពង្រឹងការងារល្បាត និងទប់ស្កាត់បទល្មើសក្នុងតំបន់ការពារធម្មជាតិ ចូមរួមការពារ និងអភិរក្សធនធានធម្មជាតិ ការពារតំបន់ទេសភាព និងតំបន់សក្តានុពលទេសចរណ៍ធម្មជាតិ ឲ្យស្ថិតស្ថេរបានល្អ។
ឯកឧត្តម មានប្រសាសន៍ថា ការពារពារ និងអភិរក្សធនធានធម្មជាតិ គឺដើម្បីអភិវឌ្ឍន៍ដោយនិរន្តរភាព ចូលរួមចំណែកសេដ្ឋកិច្ចជាតិ និងជួយលើកស្ទួយសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តម លើកទឹកចិត្តដល់មន្រ្តីមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស បន្តនូវសកម្មភាពឲ្យបានខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ឲ្យ បាននូវភាពអសកម្មមួយចំនួន និងជនឆ្លៀតឱកាស ក្នុងការបំផ្លាញធនធានធម្មជាតិ ការចាប់សត្វព្រៃ ពិសេសការកាប់ទន្រ្ទានដីព្រៃយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ។
បើតាមការរាយការណ៍របស់លោក ស៊ុន គង់ប្រធាន មន្ទីបរិស្ថានខេត្តសៀមរាប បានឲ្យដឹងថា ខាងមន្ទីរជំនាញបានយកចិត្តទុកដាក់បំផុតលើកិច្ចគាំពារបរិស្ថាន កាអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងធនធានធម្មជាតិ និងការរស់នៅដោយចីរភាព។
សូមបញ្ជាក់ថា គម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» អនុវត្តរយៈពេល៦ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ នៅក្នុងខេត្តចំនួន៧ ជុំវិញបឹងទន្លេសាប និងតំបន់ជួរភ្នំក្រវាញ ក្នុងគោលបំណងធ្វើឲ្យប្រសើរនូវការគ្រប់គ្រងតំបន់ការពារធម្មជាតិ លើកកម្ពស់ទេសចរណ៍ធម្មជាតិ និងបង្កើនសង្វាក់តម្លៃអនុផលព្រៃឈើនៅតំបន់ទេសភាពជួរភ្នំក្រវាញ និងបឹងទន្លេសាប ក៏ដូចជាធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍កាន់តែមានភាពប្រសើរឡើង៕