ក្រុមអ្នកស្រាវជ្រាវប្រទះឃើញហ្វូងសត្វទន្សោងនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ០៥ ២០២០៖

ក្រុមអ្នកស្រាវជ្រាវ បានប្រទះឃើញហ្វូងសត្វទន្សោងនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ខេត្តមណ្ឌលគិរី ដែលវត្តមានរបស់ថនិកសត្វមានមាឌធំមួយនេះ ត្រូវបានចាត់ទុកថា ជាក្តីរំភើបក្រៃលែងមួយទៀតចំពោះការរស់រានមានជីវិតរបស់សត្វជិតផុតពូជមួយនេះ។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានរាយការណ៍ថា អ្នកវិទ្យាសាស្រ្តខាងសត្វព្រៃរបស់អង្គការ WWF បានប្រទះឃើញសត្វទន្សោងមួយហ្វូងនេះ មានចំនួនសរុបប្រមាណជា៧ក្បាល ក្នុងនោះមានរាប់បញ្ចូលទន្សោងវ័យជំទង់មួយក្បាល និងទន្សោងបាធំមួយក្បាល រត់ប្រដេញគ្នាទំនងបណ្តាលមកពីពួកវាផ្អើលដោយហ្វូងសត្វដទៃទៀត ឬផ្អើលនឹងវត្តមានរបស់អ្នកតាមដាន និងស្រាវជ្រាវសត្វព្រៃ នៅតំបន់ព្រៃទេសភាពខាងលើកាលពីចុងខែមេសាកន្លងទៅនេះ។
បើតាមការបញ្ជាក់បន្ថែមរបស់លោក ទេព អស្នារិទ្ធ ប្រធានកិច្ចការសាធារណៈ និងគ្រប់គ្រងព័ត៌មាននៃអង្គការWWFប្រចាំកម្ពុជា នៅថ្ងៃទី៧ ខែឧសភាននេះ បានឲ្យដឹងថា ហ្វូងសត្វទន្សោងនេះ ត្រូវបានថតរូបភាពវីដេអូដោយទូរស័ព្ទដៃដោយការអត់ធ្មត់ និងប្រុងប្រយ័ត្នបំផុតពីក្រុមអ្នកស្រាវជ្រាវ ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអាចផ្តិតបាននូវភស្តុតាង បញ្ជាក់ពីវត្តមានរបស់សត្វនេះនៅក្នុងតំបន់ការពារធម្មជាតិដែលសម្បូរដោយប្រភេទជីវៈចម្រុះ។ លោកបន្តថា ក្រុមអ្នកស្រាវជ្រាវរបស់អង្គការWWF និងក្រសួងបរិស្ថាន កំពុងសហការគ្នាសិក្សាស្រាវជ្រាវ ដើម្បីកំណត់នូវចំនួនប្រភេទសត្វទន្សោងនេះ ក៏ដូចជាសត្វកម្រដទៃទៀតឲ្យបានច្បាស់លាស់។
សត្វទន្សោង ត្រូវបានចាត់ជាប្រភេទសត្វស្ថិតក្នុងអំបូរគោសាទិស មានមាឌធំ កម្លាំងខ្លាំង ហើយធន់។ សត្វនេះទំនងជាពូជសត្វដែលផ្តល់ដើមកំណើតដល់ពពួកគោសាទិសស្រុកក្នុងតំបន់អាស៊ីអាគ្នេយិ៍ផងដែរ។
បើតាមការសិក្សារបស់អង្គការWWF បានបង្ហាញថា នៅកម្ពុជា ចំនួនសត្វទន្សោងបានធ្លាក់ចុះយ៉ាងខ្លាំងរហូតដល់ជាង៩៥ភាគរយ ចាប់តាំងពីទស្សវត្សទី១៩៦០មក។ បច្ចុប្បន្ន ចំនួនសត្វនេះ បានចុះមកនៅសល់ត្រឹមតែប៉ុន្មានរយក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងព្រៃវាល និងស្ងួតនៃខេត្តមណ្ឌលគិរី។
អ្នកវិទ្យាសាស្រ្ត បានលើកឡើងថា សត្វទន្សោងជាសត្វចំណីមួយប្រភេទដ៏សំខាន់របស់សត្វខ្លាធំ តែថាចំនួន និងការរស់រានរបស់សត្វប្រភេទនេះកំពុងទទួលរងការគំរាមកំហែងដោយការបរបាញ់ ការដាក់អន្ទាក់ ការបាត់បង់ទីជម្រក ដែលបណ្តាលមកពីការកាប់ព្រៃខុសច្បាប់ និងការទន្ទ្រានដីព្រៃ និងកំពុងក្រុមប្រភេទសត្វជិតផុតពូជក្នុងបញ្ជីក្រហមរបស់អង្គការ IUCN៕