តំណាងរាស្រ្តមណ្ឌលរតនគិរី ផ្តល់អំណោយសប្បុរសធម៌ដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះ ១គ្រួសារស្លាប់កូន២នាក់ នៅស្រុកអូរជុំ

AKP រតនគិរី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២០–

នៅរសៀលថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំ ជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី និងលោកជំទាវ ព្រមទាំងមន្ត្រីរាជាការមួយចំនួនបានចុះជួបសំណេះសំ ណាលសាកសួសុខទុក្ខ និង នាំយកអំណោយផ្ទាល់ខ្លួនផ្តល់ជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះចំនួន១គ្រួសារ បណ្តាលឱ្យស្លាប់កូន២នាក់ នៅយប់ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅភូមិអូរជុំ ឃុំអូរជុំ ក្នុងស្រុកអូរជុំ ខេត្តរតនគិរី ។

ក្នុងនាមអ្នកតំណាងរាស្រ្តមណ្ឌលរតនគិរី ឯកឧត្តម ប៊ូ ឡាំ បានសម្តែងការចូលរួមសោកស្តាយនិងសមាណចិត្តដ៏ក្រៀមក្រំរំលែកទុក្ខជាមួយគ្រូសាររងគ្រោះដោយគ្រោះមហន្តរាយភ្លើងឆេះបានបំផ្លាញទ្រព្យសម្បត្តិគ្មានសល់ ហើយអ្វីដែលរន្ធត់ចិត្តកូនប្រុស-ស្រីជាទីស្រឡាញ់បានបាត់បង់អាយុជីវិតក្នុងគ្រោះភ័យដ៏កំណាចនេះគួរឱ្យអាសូរពន់ពេកក្រៃលែង ។​ក្នុងឱកាសនោះ ឯកឧត្តម បានផ្តល់ជូនអំណោយសប្បុរសធម៌រួមមាន៖ អង្ករ៥០គីឡូក្រាម, មី១កេសធំ, ត្រីខកំប៉ុង១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, ឆ្នាំង២, ចានបាយ៥, ចានសម្ល៥, ស្លាបព្រាបាយ៥, វែកបាយ, វែកសម្ល២, និងថវិកាចំនួន ២០ម៉ឺនរៀល។

សូមរម្លឹកថា តាមការបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានគ្រោះអគ្គីភ័យយ៉ាងមហន្តរាយនេះបានកើតឡើង នៅម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ បណ្តាលឱ្យកូនម្ចាស់ផ្ទះ ២នាក់រងគ្រោះបាត់បង់ជីវិត ដែលកូនទី១ កុមារីឈ្មោះ ប៊ី ឡែន អាយុ ៥​ឆ្នាំជនជាតិខ្មែរ, កូនទី២ កុមារាឈ្មោះសឿន វណ្ណ: អាយុ ៣ឆ្នាំជនជាតិខ្មែរ។ ចំណែកសម្ភារខូចខាតរួមមាន៖ផ្ទះប្រក់ស័ង្កសី ទំហំ ៥ម៉ែត្រ គុណ ៦ម៉ែត្រមួយខ្នង, ម៉ូតូឌ្រីមសង់សេរី ២០១៥ និង ២០១៩ ចំនួន០២គ្រឿង, ថវិកានិងសម្ភារលក់ដូរមួយចំនួនទៀត។ ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ សឿន និង ប្រពន្ធឈ្មោះ ជីន សុជាតិ មានមុខរបរលក់សាំងដប និង កំប៉ុងហ្កាស។ មូលហេតុដែលបង្កជាអគ្គិភ័យខាងលើនោះ គឺដោយសារការកំពប់សាំងប៉ះភ្លើងទៀន និង កំប៉ុងហ្កាស បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង៕ ដោយ៖ណយ នឿន (ប្រភពៈ មន្ទីរព័ត៌មានខេត្តរតនគិរី)