ពិធីបញ្ចុះសពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី

វិទ្យុជាតិកម្ពុជា៖

សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មាតាក្មេកសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាមាតាបង្កើតសម្តេចកិត្តិព្រឺទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រារព្វពិធីបញ្ចុះតាមបែបប្រពៃណីសាសនានៅវេលាម៉ោង១៥ និង​៣៣នាទី រសៀលថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែ​ឧសភា ឆ្នាំ២០២០។

ពិធីតាមបែបសាសនានេះ បានប្រារព្វធ្វើឡើងក្រោមកិច្ចដឹកនាំរបស់ សម្តេច​ព្រះពោធិវង្ស អំ លឹមហេង សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងពិធី តាមបែបសាសនានោះដែរ លោកស្រី ប៊ុន សាមលេន និងលោក គីម ទូច ព្រម​ទាំង​​បុត្រ និង​ចៅ ឯកឧត្តម គ្រី ទូច និងលោកជំទាវ ទ្រី ង៉ូវណាំ ព្រមទាំងបុត្រ និងចៅ សម្តេច​កិត្តិ​​ព្រឹទ្ធ​​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ព្រមទាំងបុត្រ និង​ចៅ លោកជំទាវ ប៊ុន សុថា និងឯកឧត្តម តាន់ បញ្ញាវុធ ព្រមទាំងបុត្រ និងចៅ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ នៅក្នុង​កិច្ចជំរាបលាជា​លើកចុងក្រោយនោះ នៃពិធីបញ្ចុះមជ្ឈូសសព តាមរយះការសុំខមាលទោស ក៏ដូចជា​ការជូនដំណើរជាលើក​ចុង​​ក្រោយ សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណ​វិវឌ្ឍនា ប៊ុន ស៊ាង​លី ដែលបានធ្វើកម្មកិរិយាពីលោកយើងនេះ ទៅកាន់លោកខាងមុខ ដោយជរាពាធ​ក្នុង​ជន្មាយុ៩៦​វស្សា​។ សូមបញ្ជាក់ថា អ្នក​ឧកញ៉ាព្រឹទ្ធមហា​ឧបាសិកាធម្មញ្ញាណវិវឌ្ឍនាបានលាចាកលោកនេះទៅនៅវេលាម៉ោង២និង១២​នាទី ទៀបភ្លឺថ្ងៃ១៣​កើត ខែពិសាខ ឆ្នាំជូតទោស័កពុទ្ធសករាជ ២៥៦៣ត្រូវ​​នឹងថ្ងៃទី៤ខែឧសភា​ឆ្នាំ២០២០នៅ​ចំពោះ​មុខសេចក្តីសុខសោកសង្វេគស្ដាយស្រណោះក្រៀម​ក្រំធ្ងន់ធ្ងរជាទីបំផុត។ការទទួលអនិច្ចកម្មរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនាប៊ុនស៊ាងលីជាការបាត់​បង់​មួយដ៏ធំធេងនៅមាតា​ជីដូនជីដូនទួតដែលមានព្រហ្មវិហារធម៌ដ៏​ខ្ពង់​ខ្ពស់​បំផុតចំពោះកូនចៅ។ចាប់ពីថ្ងៃនេះតទៅកូនចៅចៅទួតទាំងប្រុសទាំងស្រីព្រមទាំងញាតិមិត្ត​ជិតឆ្ងាយលែ​ងបានជួប​មុខ​ជារៀងរហូត។សេចក្តីល្អនិង​​គុណធម៌ឧត្តុងឧត្តមបរិសុទ្ធថ្លៃថ្លានិងសេចក្តី​អង់​អាចក្នុងការតស៊ូជម្នះឧបសគ្គគ្រប់យ៉ាងរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនានឹងស្ថិតនៅក្នុងការចងចាំរបស់កូនចៅចៅទួតនិង​ញាតិមិត្តទាំងអស់គ្មានថ្ងៃបំភ្លេចបានឡើយ។យើង​ខ្ញុំ​ទាំងអស់គ្នាជាកូនកូនប្រសារប្រុសស្រីចៅចៅទួតគ្រប់រូបសូមលើកហត្ថប្រណម បួងសួង​ដល់គុណបុណ្យព្រះរតន​ត្រ័យដល់វត្ថុសាកសិទ្ធ​ក្នុង​លោកតេជះបារមីទេវតារក្សាព្រះរាជាណា​ចក្រ​កម្ពុជាទេវតារក្សា​មហា​ស្វេតច្ឆត្រសូមលោកជួយនាំ​ដំណើរវិញ្ញាណក័្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហា​ឧបា​សិ​កា​ធម្មញ្ញាណវិវឌ្ឍនាទៅកាន់ឋានសួគា​លៃប្រកប​ដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។ កូន ចៅ ចៅ​ទួត មានអារម្មណ៍ក្តុកក្តួលសោកសង្វេគរកពាក្យ អ្វីប្រៀបផ្ទឹមបាន ពោលគឺកូន ចៅ ចៅទួតទាំង​អស់ លែងបានទទួលនូវការថ្នាក់ថ្នមបីបាច់ លែងទទួលបានការផ្តល់ដំបូន្មាន លែងបានស្តាប់លឺ​ ដោយ​​​ផ្ទាល់នូបរាល់ពាក្យឆ្លើយឆ្លង ដែលចេញពីបេះដូងរបស់អ្នកម្តាយ ជីដូន ជីដូនទួត ជារៀងរហូត​ចាប់តាំងពីពេលនេះតរៀងទៅ ដោយគ្មានថ្ងៃដែលអ្នក​ឧកញ៉ា​ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ជាអ្នកមានគុណដ៏ធ្ងន់បំផុត អាចវិលត្រឡប់មកជួបជុំកូនចៅ ចៅទួត ព្រមទាំងញាតិមិត្តទាំងអស់​ជា​រៀងរហូត។ ឯកឧត្តម ហ៊ុន ម៉ានិត ត្រូវជាចៅនិងជាតំណាងឲ្យក្រុមគ្រួសារ នៃសព បានថ្លែងនូវអំណរ យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់តំណាងគ្រប់ ស្ថាប័ន របស់ព្រះរាជាណាចក្រកម្ពុជា ពិសេសអាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ដែលបានអញ្ជើញ​ចូលពិធីបុណ្យសព ដង្ហែសព និងបញ្ចុះសពអ្នកឧកញ៉ាព្រឹទ្ធមហា​ឧបា​សិ​កា​ធម្មញ្ញាណវិវឌ្ឍនា ក្នុងក្តី គោរពស្រឡាញ់អស់ពីដូងចិត្ត និងជាសក្ខីភាពបញ្ជាក់នូវទឹកចិត្តស្រឡាញ់រាប់អាន ដ៏ជ្រាលជ្រៅបំផុត ធ្វើឲ្យយើងខ្ញុំទាំងអស់គ្នាមិនអាចបំភ្លេចបាន៕