ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវនាំយកបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃគង់នៅ វត្តនិគ្រោធវ័ន

វិទ្យុជាតិកម្ពុជា: លោកស្រី ប៉ុង សុភាវី
MC: ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងលោកជំទាវ បាននាំយកនូវបច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃគង់នៅ វត្តនិគ្រោធវ័ន នៅថ្ងៃបុណ្យវិសាខបូជា។
ក្នុងឱកាសនៃពិធីបុណ្យវិសាខបូជា ឆ្នាំនេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង នាំយកបច្ច័យ ទេយ្យវត្ថុប្រគេនព្រះសង្ឃ និងចូលរួមប្រារព្ធបុណ្យវិសាខបូជានៅវត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០។
បច្ច័យ និងទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្តនិគ្រោធវ័ន ជាទឹកចិត្តជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា របស់ ឯកឧត្តមខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រសួងព័ត៌មាន និងពុទ្ធបរិស័ទ មានដូចជាសំភារៈប្រើប្រាស់ប្រចាំថ្ងៃ ជែល អាកុល ម៉ាស់ និងថវិការ ១៥.០០០.០០០រៀល។
សូមបញ្ជាក់ថា បុណ្យវិសាខបូជា ជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​ព្រះពុទ្ធសាសនា រាប់​ថា​ជា​ពុទ្ធានុស្សរណកិច្ច​ដ៏ សំខាន់​សម្រាប់ រំលឹក​ដល់​ព្រះពុទ្ធ​សមណគោត្តមបរមគ្រូ នា​ថ្ងៃ​ពេញ​បូណ៌មី ថ្ងៃ​១៥​កើត ខែសាខ ដែល​ពុទ្ធសាសនិក​ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកប​ដោយ​ជំនឿ​ថា​ជា មហាកុសល ដ៏​ប្រសើរ ។ ជាងនេះទៀត ប្រទេស​ជិត​២០០ ដែលជា​សមាជិក​នៃ​អង្គការសហប្រជាជាតិ បានអនុម័ត​និង​ទទួលស្គាល់ វិសាខបូជា ជា​បុណ្យ​អន្តរជាតិ កាលពី​ឆ្នាំ​១៩៩៩៕