សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានប្រារព្វពិធីបញ្ចុះតាមគន្លងប្រពៃណីសាសនា នៅវេលាម៉ោង១៥ និង៣៣នាទីរសៀល

សពអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណ វិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានប្រារព្វពិធីបញ្ចុះតាមគន្លងប្រពៃណីសាសនា នៅវេលាម៉ោង១៥ និង៣៣នាទីរសៀលថ្ងៃ១៥កើត ខែពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០នេះ
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនត្រូវជាកូន ចៅ ចៅទួត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំជាន់ខ្ពស់ មន្ត្រីរាជការ ក្រសួង ស្ថាប័ន នានា បានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះសព ព្រមទាំងជូនដំណើរជាលើកចុងក្រោយ ប្រកបដោយក្តីអាឡោះអាល័យជាទីបំផុត។
សូមបញ្ជាក់ថា៖ អ្នកឧកញ៉ាព្រឹទ្ធមហា ឧបាសិ កា ធម្មញ្ញាណវិវឌ្ឍនា បានលាចាកលោកនេះទៅនៅវេលាម៉ោង២និង១២ នាទី ទៀបភ្លឺ ថ្ងៃ១៣កើត ខែ ពិសាខ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ ២០២០ ក្នុងជន្មាយុ៩៦វស្សាដោយជរាពាធ ។
ការទទួលអនិច្ចកម្មរបស់ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ជាការបាត់ បង់ មួយដ៏ធំធេង នៅមាតាជីដូន ជីដូនទួត ដែលមានព្រហ្មវិហារធម៌ដ៏ខ្ពង់ខ្ពស់បំផុត ចំពោះកូនចៅ។
ចាប់ពីថ្ងៃនេះតទៅ កូន ចៅ ចៅទួត ទាំង ប្រុស ទាំងស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយលែងបានជួប មុខជារៀងរហូត។
សេចក្តីល្អ និងគុណធម៌ ឧត្តុងឧត្តមបរិសុទ្ធថ្លៃថ្លា និងសេចក្តីអង់អាច ក្នុងការតស៊ូជម្នះ ឧបសគ្គគ្រប់យ៉ាងរបស់ អ្នកឧកញ៉ា ព្រឹទ្ធ មហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា នឹងស្ថិតនៅក្នុងការចងចាំរបស់កូន ចៅ ចៅទួត និងញាតិមិត្ត ទាំងអស់ គ្មានថ្ងៃបំភ្លេចបានឡើយ។
សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនត្រូវជាកូន កូនប្រសារប្រុស ស្រី ចៅ ចៅទួត គ្រប់រូប សូមលើកហត្ថប្រណម បួងសួងដល់គុណបុណ្យ ព្រះរតន ត្រ័យ ដល់វត្ថុសាកសិទ្ធក្នុងលោក តេជះ បារមី ទេវតា រក្សាព្រះរាជាណាចក្រកម្ពុជា ទេវតារក្សា មហា ស្វេតច្ឆត្រ សូមលោកជួយនាំ ដំណើរ វិញ្ញាណក័្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ទៅកាន់ឋានសួគាលៃ ប្រកបដោយបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។