ព្រះសង្ឃនៅគ្រប់វត្តអារាមនៅទូទាំងប្រទេសប្រារព្ធពិធីបុណ្យវិសាខបូជាជាធម្មតាតែមិនមានការជួបជុំគ្នាច្រើនឡើយ

វិទ្យុជាតិកម្ពុជា​៖

 ព្រះសង្ឃនៅគ្រប់វត្តអារាមនៅទូទាំងប្រទេសប្រារព្ធពិធីបុណ្យវិសាខបូជាជាធម្មតាតែមិនមានការជួបជុំគ្នាច្រើនឡើយ ដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩។ 

ព្រះភិក្ខុសង្ឃអត្ដសន្តោ ស៊ីម សុភក្ដ្រា គង់នៅវត្ដសិរីមង្គលខេត្ដកណ្ដាល បានមានសង្ឃដីការថា ការរៀបចំពិធីបុណ្យវិសាខបូជាគឺគ្រប់វត្ដអារាមតែងតែងប្រារព្ធជារៀងរាល់ឆ្នាំ ហើយបុណ្យវិសាខបូជា នេះជាបុណ្យសាសនាធំមួយរបស់ប្រជាពលរដ្ឋខែ្មរដែលបានគោរពប្រតិបត្ដិយ៉ាងខ្ជាប់ខ្ជួន និងមានលក្ខណៈទ្រង់ទ្រាយធំ ប៉ុន្ដែឆ្នាំនេះបុណ្យវិសាខបូជាធ្វើជាធម្មតាតែមិនឱ្យមានការជួបជុំគ្នាច្រើនឡើយ ដើម្បីធ្វើយ៉ាងណាចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ព្រះតេជគុណបានមានសង្ឃដីការបន្តទៀតថា ដោយមានការណែនាំពីក្រសួងធម្មការនិងសាសនាបានតំរូវឲ្យគ្រប់វត្តនៅទូទាំងប្រទេសមានការរៀបចំបុណ្យវិសាខបូជាជាធម្មតានោះ ព្រះសង្ឃក៏បានធ្វើតាមការណែនាំដោយគ្រាន់តែរៀបចំតុបតែងលំអរដូចជាការដាក់ទងជាតិទងសាសនានិងចង់នៅបដារូបព្រះពុទ្ធរូបដើម្បីអបអរសារទរ ក៏ដូចជាបូជាចំពោះព្រះពុទ្ធសាសនា ។

ទាក់ទងនិងបុណ្យវិសាខបូជាដែលយើងប្រារព្ធធ្វើជារៀងរាល់ឆ្នាំហើយជាបុណ្យធំក្នុងព្រះពុទ្ធសាសនាផងដែរទាក់ទងទៅនិងការរៀបចំក្បូនដង្ហែរនិងការជួបជុំធំដំនោះអត់ទេដោយយោងទៅតាមបទបញ្ជារបស់រាជរដ្ឋាភិបាលការហាមប្រាមជាធំដំដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ១៩។ប៉ុន្តែគ្រាន់តែយើងរៀបចំជាលក្ខណៈធម្មតាដូចជាដាក់ពាក្យស្លោកទាក់ទងទៅនិងព្រះពុទ្ធសាសនាដាក់ទងជាតិទងសាសនារូបព្រះពុទ្ធដើម្បីបូជាព្រះពុទ្ធសាសនា។

ឯកឧត្តមបណ្ឌិត សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានឲ្យដឹងថាថ្ងៃបុណ្យពិសាបូជានេះ ក្រសួងធម្មការនិងសាសនាបាន ណែនាំនិងតម្រូវឲ្យនៅតាមវត្តអារាមទូទាំងប្រទេសធ្វើពិធីបុណ្យពិសាបូជាជាធម្មតាដ៏ដែរ តែមិនឲ្យមានការជួបជុំគ្នាច្រើន ហើយត្រូវរក្សាគម្លាតគ្នាយ៉ាងតិចមួយម៉ែត្រកន្លៈ។ ឯកឧត្តមបានបន្តថា ព្រះសង្ឃនៅទូទាំងប្រទេសមានការយល់ដឹងច្រើន និងបានចូលរួមអនុវត្តនូវវិធានការអនាម័យតាមក្រសួងសុខាភិបាល បានយ៉ាងល្អ ជាពិសេសគោរពបានយ៉ាងត្រឹមត្រូវនូវការណែនាំរបស់គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា។ 

សូមបញ្ជាក់ថា បុណ្យវិសាខបូជា គឺធ្វើឡើងដើម្បីរំលឹកដល់ព្រះសមា្មសម្ពុទ្ធបរមគ្រូនៃយើងទ្រង់ប្រសូត្រ ត្រាស់ដឹង និងចូលនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខទាំងអស់ ប្លែកតែឆ្នាំប៉ុណ្ណោះ។ ព្រោះហេតុនោះហើយ បានជាអ្នកប្រាជ្ញចងក្រងជាគាថាទុកដូច្នេះថា: «អាសាឡ្ហបុណ្ណមោក្កន្តោ វិសាខេ យេវ និភូមិ វិសាខបុណ្ណមី សម្ពុទ្ធោ វិសាខេ បរិនិព្វុតោ»បានសេចក្តីថា: ព្រះពុទ្ធ យាងចុះកាន់គភ៌នៃព្រះវរមាតា ក្នុងថ្ងៃពេញបូណ៌មី ខែអាសាធ ទ្រង់ប្រសូតក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ បានត្រាស់ដឹងជាព្រះពុទ្ធក្នុងថ្ងៃពេញបូណ៌មី ខែពិសាខ និងទ្រង់រំលត់ខន្ធ ក៏នៅថ្ងៃពេញបូណ៌មី ខែពិសាខ (ខុសតែឆ្នាំប៉ុណ្ណោះ)។ 

គួរំលឹកផងដែរថាកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ១៩៩៩ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រកាសទទួលស្គាល់យ៉ាងមហោឱឡារិកថា ថ្ងៃវិសាខបូជា គឺជាទិវាសន្តិភាពនៃពិភពលោក និងជាបុណ្យអន្តរជាតិ ដោយផ្អែកលើទ្រឹស្ដីរបស់ព្រះពុទ្ធជាម្ចាស់ ដែលពិភពលោកចាប់អារម្មណ៍ នោះគឺគោលការណ៍អំពើហិង្សា និងសន្តិភាព៕