មន្ដ្រីនគរបាលចរាចរណ៍ដែលបំពាននឹងត្រូវទទួលទោសតាមច្បាប់កំណត់

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី
MC: ក្រសួងយុត្តិធម៌ លើកឡើងថា មន្ដ្រីនគរបាលចរាចរណ៍ដែលបំពាននឹងត្រូវទទួលទោសតាមច្បាប់កំណត់ ដោយមិនមានការលើកលែងនោះឡើយ។
ឯកឧត្ដម គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ បានព្រមានថា មន្ត្រីអនុវត្តន៍ច្បាប់នឹងទទួលខុសត្រូវចំពោះមុខច្បាប់ នូវសកម្មភាពបំពានច្បាប់ក្នុងពេលបំពេញមុខងាររបស់ខ្លួនយោងតាមមាត្រា៧៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។
សរសេរសារបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ឯកឧត្តម គឹម សន្ដិភាព បានបង្ហោះនូវខ្លឹមសារមាត្រា៧៤ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលបានចែងថា មន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោកណាដែលនៅក្នុងក្របខ័ណ្ឌមុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ដែលបានដកហូតយកប័ណ្ណបើកបរ ផ្លាកលេខ ប័ណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះដោយបំពានច្បាប់ ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី៦ថ្ងៃ ទៅ១ខែ និងពិន័យជាប្រាក់ពី១០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល។ ក្នុងករណីដែលមន្ដ្រីនគរបាលចរាចរណ៍ផ្លូវគោក ធ្វើឲ្យមានការខូចខាត ឬបាត់បង់ផ្នែកណាមួយនៃយានជំនិះដែលបានឃាត់ទុក អង្គភាពសាមីត្រូវទទួលខុសត្រូវក្នុងការសងការខូចខាត ឬបាត់បង់នោះ។
សារព្រមាននេះ ធ្វើឡើងបន្ទាប់ពីមានមហាជនរិះគន់ទៅលើការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក តាមអនុក្រឹត្យថ្មីលេខពី៣៩ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោករបស់មន្ដ្រីនគរបាលចរាចរណ៍ ដែលបានចាប់អនុវត្តការរឹតបន្តឹងចាប់តាំងពីថ្ងៃទី១ ខែឧសភានេះ។
ឯកឧត្តម បានបន្តថា ទណ្ឌកម្មដែលមានកំណត់ក្នុងច្បាប់ គឺសម្រាប់អនុវត្តទៅលើអ្នកល្មើស ឬបំពានច្បាប់តែប៉ុណ្ណោះ។ តួយ៉ាងដូចជាការពិន័យចំពោះអំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោក គឺធ្វើឡើងចំពោះអ្នកបំពានល្មើសនឹងបញ្ញត្តិដែលមានចែងច្បាស់លាស់ និងមានការកំណត់នូវទឹកប្រាក់ពិន័យមួយច្បាស់លាស់ ក្នុងគោលបំណងធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់។
លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា គាំទ្រឲ្យ មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកអនុវត្តច្បាប់ដោយតម្លាភាព ស្មើភាព និងផ្សារភ្ជាប់នូវការអប់រំផ្សពផ្សាយដល់ប្រជាពលរដ្ឋ៕