ក្រសួងដែនដី ជំរុញឲ្យសម្បទានិកបង្កើនការធ្វើកសិកម្មឲ្យបានច្រើន ក្រោយពីទទួលបានសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ
MC៖ក្រសួងដែនដី ជំរុញឲ្យសម្បទានិកបង្កើនការធ្វើកសិកម្មឲ្យបានច្រើន ក្រោយពីទទួលបានសម្បទានដីសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីអាចរកប្រាក់ចំណូលបន្ថែមពីវិស័យកសិកម្ម ខណះដែលកម្ពុជាកំពុងជួបវិបត្តិកូវីដ-១៩។

លោកបណ្ឌិត ដោក ដូម៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋាន លំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជានាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពជីវភាពរបស់សម្បទានិកមានលក្ខណ:ល្អប្រសើរជាបន្តបន្ទាប់ តាមរយ:ការកើនឡើងនូវផលិតផលកសិកម្មដែលពួកគាត់បានធ្វើការដាំដុះដំណាំដូចជាដំណាំស្វាយចន្ទី ដំឡូងមី បន្លែបង្កា និងការចិញ្ចឹមគោ និងមាន់លើដីដែលទទួលបានពីរាជរដ្ឋាភិបាល ដែលធ្វើឲ្យពួកគាត់មានចំណូលដ៏រឹងមាំ ហើយបានកែប្រែកម្រិតជីវភាពរបស់ពួកគាត់ពីមួយជំហានទៅមួយជំហាន ពីគ្រួសារគ្មានលទ្ធភាពទៅជាគ្រួសារដែលមានជីវភាពសមរម្យ មានអាហារូបត្ថម្ភគ្រប់គ្រាន់ និងអាចផ្តល់ឱកាសដល់កូនៗទៅសិក្សារៀនសូត្រ។
បើទោះបីជាយ៉ាងនេះក្តី លោកបណ្ឌិតក៏នៅតែបន្តជំរុញ ដល់ប្រជាពលរដ្ឋ ត្រូវប្រកបរបបកសិកម្មចិញ្ចឹមគ្រួសារឲ្យបានកាន់តែច្រើន ព្រោះវិស័យកសិកម្មនេះអាចរកចំណូលបានខ្ពស់ ដែលធ្វើអោយជីវភាពកាន់តែប្រសើរឡើង។
«សំឡេង៖ចំពោះវិស័យកសិកម្មយើងអនុវត្តតាមវិធានការដូចគ្នាធ្វើយ៉ាងណាជំរុញឲ្យប្រជាពលរដ្ឋបង្កើនផលិតផលកសិកម្ម របស់គាត់តាមរយៈការធ្វើស្រែបង្ហាញ ដោយយើងបានបណ្ដុះបណ្ដាលនៅតាមខ្នងផ្ទះ នឹងធ្វើស្រែបង្ហាញ ក្រោយពីយើងបានបើកវគ្គបំពាក់បំប៉នរួចមក យើងឃើញថា ពួកគាត់មានជីវភាពល្អក្នុងកម្រិតមួយល្អប្រសើរ។ ហើយបច្ចុប្បន្នយើងកំពុងជួបនឹងបញ្ហាកូវីដ-១៩ ដោយយើងត្រូវធ្វើយ៉ាងណាឲ្យផុតពីឥទ្ធិពលកូវីដនឹងទៅ យើងនឹងនៅបន្តជំរុញ ពីព្រោះទីតាំងដែលយើងបានផ្ដល់ហេដ្ឋារចនាសម្ព័ន្ធជូនគាត់ និងសេវាកម្មផ្សេងៗជូនគាត់ យើងនឹងបន្តផ្ដល់តទៅទៀត ដោយយើងនិងសិក្សាបន្ថែមនូវការខ្វះខាត របស់ពួកគាត់ យើងនឹងបំពេញទៅតាមតំរូវការរបស់គាត់ទៅតាមការជាក់ស្តែង។»
លោកបណ្ឌិតបានបញ្ជាក់ទៀតថា បងប្អូនត្រូវរស់នៅលើដីសម្បទាន នេះក្នុងរយៈពេល៥ឆ្នាំ ទើបប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជូន ដូច្នេះ សូមមេត្តាកុំលក់ដីនេះឱ្យសោះ ទុកសម្រាប់កូនចៅជំនាន់ក្រោយបន្តទៀត។
សូមបញ្ជាក់ថា គម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចនេះ កំពុង អនុវត្តន៍នៅលើទីតំាងចំនួន១៤កន្លែង ស្ថិតក្នុងខេត្តចំនួន៥មានដូច ជាខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។ ហើយគម្រោងនេះបានអនុវត្តន៍ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងលេខាធិការដ្ឋាន គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គជអប) ដែលមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ ដោយចំណាយថវិកាប្រមាណ២៦លាន៨សែនដុល្លារអាមេរិក បានមកពីការផ្តល់ហិរញ្ញប្បទានពីធនាគារពិភពលោក និងបដិភាគរបស់រាជរដ្ឋាភិបាល ហើយមានប្រជាពលរដ្ឋទទួលផលប្រមាណ៥១៤១គ្រួសារ៕