រដ្ឋមន្ត្រីក្រសួងការងារណែនាំឱ្យវិស័យឯកជនងាកមកបើកគ្រឹះស្ថាន TVET ឱ្យបានច្រើន

វិទ្យុជាតិកម្ពុជា៖លោកជួន បូណា
MC៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ណែនាំឱ្យវិស័យឯកជនងាកមកបើកគ្រឹះស្ថាន បណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ TVET ឱ្យបានច្រើន ខណៈដែលកម្ពុជាកំពុងត្រូវការកម្លាំងពលកម្មក្នុងវិស័យនេះយ៉ាងខ្លាំង។
ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានលើកទឹកចិត្តដល់វិស័យឯកជន ដែលចង់វិនិយោគលើវិស័យសិក្សាធិការឱ្យងាកមកបើកគ្រឹះស្ថានសិក្សាបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យមានចំនួនកាន់តែច្រើន ដើម្បីបណ្ដុះបណ្ដាលកម្លាំងពលកម្មជំនាញ ក្នុងវិស័យមួយនេះ យកមកបំពេញតម្រូវការទីផ្សារការងារក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ក្នុងជំនួបសម្តែងការគួរសម និងជម្រាបពីគម្រោងស្រាវជ្រាវលើការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់វិទ្យាស្ថាន CDRI នាព្រឹកថ្ងៃទី០៥ ខែឧសភា នៅទីស្ដីការក្រសួង ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យវិទ្យាស្ថាន CDRI បន្ថែមនូវការសិក្សាស្រាវជ្រាវពីការ តម្រូវការជំនាញដែលអាចឆ្លើយតបបានទៅនឹងការធ្វើពិពិធកម្មសេដ្ឋកិច្ច ដូចជាកសិឧស្សាហកម្ម ការកែច្នៃផលិតផល និងឧស្សាហកម្មផ្សេងៗទៀត ដែលអាចស្រូបយកកម្លាំងពលកម្មមានជំនាញ ដើម្បីងាយស្រួលក្នុងការស្វែងរកឱកាសការងារ និងធានានិរន្តរភាពនៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ សំដៅធានាបានថា «យុវជនម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» និងលើកកម្ពស់ចំណេះដឹងជំនាញវិជ្ជាជីវៈ ជាពិសេសដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យឈានឡើងមួយកម្រិតទៀត។
ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ក្រសួងក៏បានខិតខំជំរុញវិស័យនេះ តាមរយៈការពង្រឹងយន្តការ របស់គណៈកម្មាធិការជាតិបណ្តុះបណ្តាល ការពង្រីកនឹងពង្រឹងយន្តការក្រុមការងារចំរុះរដ្ឋ ឯកជន និងដៃគូនានា ការបន្តជំរុញការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដោយរៀបចំឲ្យមានជាផែនការមេ សំដៅធានាពង្រឹងសមត្ថភាព និងប្រសិទ្ធភាពដល់ការប្រតិបត្តិដល់របស់វិទ្យាស្ថានទាំង៣៨ នៅក្រោមឱវាទក្រសួង។
ឯកឧត្តមបានបន្ថែមទៀតថា បច្ចុប្បន្នទីផ្សារកម្ពុជាមានតម្រូវការកម្លាំងពលកម្មក្នុងវិស័យ TVET យ៉ាងច្រើនប៉ុន្តែយុវជនបែរជាមិនសូវងាកមកសិក្សាក្នុងវិស័យនេះទៅវិញ ដូច្នេះ ឯកឧត្ដមជំរុញឱ្យសិស្សដែលចប់មធ្យមសិក្សាអាចងាកមករៀនចាប់យកជំនាញវិជ្ជាជីវៈណាមួយសិនដើម្បីបានការងារធ្វើហើយ បើចង់រៀនបន្តដល់ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត អាចរៀនបន្តបាន។
លោក ប៉ិច សុខេម នាយកប្រតិបត្តិវិទ្យាស្ថាន CDRI បានបង្ហាញការប្ដេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីសម្រេចបានលទ្ធផលនៃការសិក្សាស្រាវជ្រាវខាងមុខទៀត ដើម្បីគាំទ្រលើកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់វិស័យ TVET ៕