សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតអំពាវនាវឲ្យស្រ្តីមានផ្ទៃពោះត្រូវបង្កើនការថែទាំសុខភាពតាមគោលការណ៍របស់ក្រសួងសុខាភិបាល

វិទ្យុជាតិកម្ពុជា៖
MC៖ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាអំពាវនាវឲ្យស្រ្តីមានផ្ទៃ ពោះត្រូវបង្កើនការថែទំាសុខភាព ដើម្បីការពារកុំឲ្យឆ្លងជម្ងឺកូវីដ១៩ផង និងដើម្បីថែរក្សាសុខភាពមាតា និងកូនក្នុងផ្ទៃឲ្យបានល្អផង។
នៅក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្រ្តី និងកុមារបានផ្ញើរសារលិខិតជូនបង-ប្អូនជនរួមជាតិអោយដឹងថា
ក្នុងស្ថានការណ៍នេះ ឆ្មបជំនាញ គិលានុបដ្ឋាកវេជ្ជបណ្ឌិត ក៏ដូចជាបុគ្គលិកសុខាភិបាលទាំងអស់ត្រូវឈរយ៉ាងរឹងមាំនៅជួរមុខដើម្បីបំពេញភារកិច្ចការពារថែទាំប្រជាពលរដ្ឋពីការចម្លងមេរោគកូវីដ-១៩ ដែលជាការងារបន្ថែមលើការគាំពារសុខភាពមាតា ទារក និងកុមារដែលមានស្រាប់។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានបញ្ជាក់ថា ក្នុងស្ថានភាពកម្ពុជានិងពិភពលោកកំពុងរងផលប៉ៈពាល់ ដោយសារជម្ងឺរាតត្បាតកូវីដ ១៩នេះ សម្រាប់ស្ត្រីមានផ្ទៃពោះត្រូវទៅពិនិត្យសុខភាពតាមកាលកំណត់របស់គ្រូពេទ្យដើម្បីតាមដានការលូតលាស់របស់កូនក្នុងផ្ទៃ និងសុខភាពផ្ទាល់ខ្លួន។ ជាមួយគ្នានេះ ដើម្បីបង្ការការឆ្លងមេរោគកូវីដ-១៩ ស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវ ៖
១- លាងដៃឱ្យបានញឹកញាប់ ដោយទឹកនិងសាប៊ូ ឬអាល់កុល ផេលអាល់កុល
២- ចៀសវាងការយកដៃទៅប៉ះភ្នែក ច្រមុះ មាត់
៣- ប្រើក្រដាសខ្ទប់មាត់នៅពេលក្អក កណ្តាស់ ឬក្អក កណ្តាស់ដាក់លើដើមដៃបត់
៤- រក្សាគម្លាតដោយស្ថិតនៅឆ្ងាយពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងតិច ១ម៉ែត្រ កន្លះ
៥- ទៅមន្ទីរពេទ្យជាបន្ទាន់ ប្រសិនជាក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម និងត្រូវធ្វើតាមការណែនាំរបស់គ្រូពេទ្យ និងឆ្មបជំនាញ។
ក្នុងឱកាសទិវាឆ្មបជាតិ-អន្តរជាតិ ៥ ឧសភា ឆ្នាំ២០២០នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធអង្គការជាតិ-អន្តរជាតិ វិស័យឯកជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងដៃគូអភិវឌ្ឍឱ្យមានការគាំទ្រវិនិយោគបន្តបន្ថែមទៀតទៅលើអន្តរាគមន៍គន្លឹះផ្នែកការងារ ជួយគាំពារសុខភាពមាតា ទារក និងកុមារទាំងអស់ ទាំងក្នុងពេលពរពោះ ពេលសម្រាល និងពេលក្រោយសម្រាល។
ជាចុងក្រោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតសូមឧទ្ទិសខ្លឹមសារនៃសារលិខិតទិវាឆ្មបជាតិនេះ ឱ្យស្ថិតនៅជាប់នឹងការប្តេជ្ញាចិត្តដ៏រឹងមាំរបស់ឆ្មបជំនាញទាំងអស់ដើម្បីបុព្វហេតុគាំពារសុខភាពស្រ្តី ទារក និងកុមារ នៅកម្ពុជា៕