តំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅភូមិអភិវឌ្ឍន៍ថ្មីខិតខំដាំដំណាំរួមផ្សំ

វិទ្យុជាតិកម្ពុជា៖ គឹមហឿន ស្ទឹងត្រែង

M.C ឯកឧត្តមឡូយសូផាតអ្នកតំណាងរាស្ត្រខេត្តស្ទឹងត្រែងបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋនៅភូមិអភិវឌ្ឍន៍ថ្មី ខិតខំដាំដំណាំរួមផ្សំឱ្យបានច្រើនដើម្បីបំពេញសេចក្តីត្រូវការក្នុងជីវភាពរស់នៅនិងកាត់បន្ថយការចំណាយក្នុងគ្រួសារដោយមិនពិបាកទៅទិញនៅទីផ្សារ។

ក្នុងឱកាសចុះសួរសុខទុក្ខប្រជាពលរដ្ឋ នៅភូមិអភិវឌ្ឍន៍ថ្មី សង្កាត់ ក្រុងខេត្តស្ទឹងត្រែងថ្ងៃទី០៤ឧសភា ឆ្នាំ ២០២០ ឯកឧត្តម ឡូយសូផាតអ្នកតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែងមានប្រសាសន៍លើកទឹកចិត្តឱ្យប្រជាពលរដ្ឋដែលបានមករស់នៅភូមិថ្មី  ត្រូវនាំគ្នាដាំដុះដំណាំរួមផ្សំ   បន្លែបង្កានៅជំវិញផ្ទះឱ្យបានគ្រប់មុខដើម្បីដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តមមានប្រសាសន៍ទៀតថា៖បងប្អូនមករស់នៅតំបន់នេះបានបង្ហាញពីភាពស្រុះស្រួលគ្នាជាមួយអាជ្ញាធរ  និងបានបើកផ្លូវឱ្យស្ថាប័នពាក់ព័ន្ធរៀបចំអភិវឌ្ឍន៍ទឹកដីនៃខេត្តស្ទឹងត្រែងឱ្យកាន់តែមានការរីកចំរើនឡើង។   ឯកឧត្តម ជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធត្រូវគិតគូររៀបចំលំនៅដ្ឋានថ្មីនេះឱ្យមានគ្រប់ហេដ្ឋារចនាសម្ព័ន្ធ បំរើឱ្យការរស់នៅរបស់ប្រជាពលរដ្ឋឱ្យបានឆ្លើយតមទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោកសាយកុសល អភិបាលក្រុងស្ទឹងត្រែងបានលើកឡើងថា៖  ក្រុមការងារដោះស្រាយនឹងខិតខំប្រឹងប្រែងឱ្យអស់លទ្ធភាពជួយដល់ប្រជាពលរដ្ឋ ដោយគណៈកម្មការថ្នាក់ក្រុង ខេត្ត សហការជាមួយស្ថានប័នជំនាញនិងខិតខំរៀបចំទីតាំងលំនៅដ្ឋានថ្មីនេះឱ្យមានសោភណ្ឌភាពល្អ  ដើម្បីប្រជាពលរដ្ឋរស់នៅបានសមរម្យខ្ពស់មុខខ្ពស់មាត់ដូចគេឯង។ អាជ្ញាធរបានសាងសង់បានផ្លូវអណ្តូងទឹកស្អាតនិងបានតបណ្តាញអគ្គិសនីចូលមកហើយដែរ។

សូមបញ្ជាក់ថា៖ការស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋចាក់ចេញពីលំនៅដ្ឋានចាស់នេះអាជ្ញាធរសំណូមពរឱ្យបងប្អូនរុះរើផ្ទះចាស់ចេញឱ្យបានឆាប់ដើម្បីឱ្យក្រុមការងាររៀបចំកែសម្រួលទីតាំង​តាមជួរមាត់ទន្លេឱ្យមានសោភណ្ឌភាពល្អ៕