មន្ទីរសុខាភិបាលខេត្តរតនគិរីបើកយុទ្ធនាការទប់ស្កាត់កុំឲ្យមានជំងឺគ្រុនឈាម

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី

MC ៖ មន្ទីរសុខាភិបាលខេត្តរតនគិរី បានបើកយុទ្ធនាការដាក់ថ្នាំអាប៊ែតនៅតាមពាងទឹក ដើម្បីកំចាត់មូសខ្លា ដែលជាដើមចមបង្កឲ្យមានជំងឺគ្រុនឈាម ។

លោកវេជ្ជបណ្ឌិត អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ការបើកយុទ្ធនាការដាក់ថ្នាំអាប៊ែតនេះ គឺធ្វើទូទាំងស្រុកទាំងចំនួន៩ក្នុងខេត្ត ដើម្បីទប់ស្កាត់ការកកើតសត្វមូស ដែលជាប្រភពចម្លងជំងឺគ្រុនឈាម ។

លោកបានបន្តថា នៅតាមលំនៅឋាននីមួយៗ ត្រូវធានាថាគ្មានដង្កូវទឹក តាមរយៈការថែទាំសម្អាតបរិស្ថាន និងដុតឬកប់ចោលវត្ថុដែលអាចដក់ទឹក ដែលទីជម្រកសត្វមូសពងកូន ។

សំឡេង ៖ អត្ថប្រយោជន៍គឺសម្រាប់ទប់ស្កាត់ជាមុននូវករណីជំងឺគ្រុនឈាម ពីព្រោះអីយើងមិនអាចសន្និដ្ឋានបានទេ។ មកទល់ថ្ងៃនេះ យើងមានករណីគ្រុនឈាមមកមួយៗហើយ យើងទប់ឲ្យហើយ ការពារឱ្យហើយ កុំឱ្យវាផ្ទុះជំងឺគ្រុនឈាមមួយទៀត។ នេះជាចំណុចសំខាន់ ពិសេសយើងការពារនូវជំងឺផ្សេងៗទៀតដែរ ពីព្រោះអីកាលណាមុសវាងាប់ទៅ ក៏ជំងឺផ្សេងៗក៏វាអាចទប់បានដែរ។

សូមបញ្ជាក់ថា គ្រុនឈាមគឺជាជំងឺអាចកើតលើមនុស្សគ្រប់វ័យ ដែលបង្កឡើងដោយ សត្វមូសខ្លាញីខាំ បឺតឈាមចម្លងមេរោគគ្រុនឈាមពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត  ហើយជំងឺគ្រុនឈាមនេះក្នុងឆ្នាំ២០១៩កន្លងទៅ បានផ្ទុះឡើងយ៉ាងខ្លាំង នៅក្នុងក្រុងស្រុកទាំង៩ នៃខេត្តរតនគិរី ៕