អាជ្ញាធរអប្សរាប្រទះឃើញត្រីសូល៍ ចម្លាក់នាគ និងថ្មគ្រីស្តាល់នៅក្នុងកំណាយ​ប្រាសាទកណ្តាលស្រះស្រង់

AKP សៀមរាប ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០

ឯកឧត្ដម គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមបុរាណវិទូដែល​កំពុងធ្វើកំណាយស្រាវជ្រាវនៅការដ្ឋានជួសជុលប្រាសាទកណ្ដាលស្រះស្រង់បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់នាគ ខ្វាតពណ៌ស (គ្រីស្តាល់) និងត្រីសូល៍។

ឯកឧត្ដមបានបញ្ជាក់ឱ្យដឹងទៀតថា បើតាមការ​ឱ្យដឹងពីក្រុមការងារ ចាប់តាំងពីផ្តើមកំ​ណាយរហូតមកដល់ពេលនេះ ក្រុមការងារបានរក​ឃើញ​បុរាណវត្ថុជាច្រើនដែលស្ថិតនៅរាយ​ប៉ាយលើដីជុំវិញទួលប្រាសាទ។

ជាមួយគ្នានេះ បុរាណវត្ថុចំនួនបីប្រភេទដែលគេពុំធ្លាប់បាន​ប្រទះ​ឃើញនៅទីនេះមានជាអាទ៍៖ ត្រីសូល៍​ធ្វើពី​លោហៈចំនួន២ ដែល១នៅមានរូបរាង​ពេញ​លេញ និង១ទៀតនៅសល់តែបំណែកចុង​ស្រួច​មួយចំហៀង។ ចំពោះខ្វាតពណ៌ស (គ្រីស្តាល់) ជាច្រើនគ្រាប់ ដូចធ្លាប់រកឃើញនៅ​ក្នុងរណ្តៅ​កំណាយទីតាំងផ្សេងៗពីមុនដែរ និងបំណែក​ចម្លាក់​ក្បាលនាគមួយធំដែលមួយផ្នែកធំកប់​នៅក្នុងដីនៅឡើយ។

ឯកឧត្ដមបានបន្ដថា ការរក​ឃើញសំណល់បុរាណវិទ្យាទាំងនេះ ក្រុម​បុរាណវិទូ នៅមិនទាន់អាចសន្និដ្ឋានបានថាស្ថិតនៅ​ក្នុងសម័យកាលណា គេដាក់ដើម្បីអ្វី និង​មានអ្វីបន្ថែមទៀតនោះទេ ព្រោះទើបតែជាដំណាក់​កាល​ដំបូងនៃការធ្វើកំណាយស្រាវជ្រាវ។

ឯកឧត្ដមបានបន្ថែមថា លទ្ធផលនឹងបង្ហាញច្បាស់លាស់ជាងនេះនៅក្រោយបញ្ចប់​ការ​ងារស្រាវជ្រាវ ហើយបើសិនជាមិនមានអ្វីរារាំង និងរំខានក្នុងអំឡុងពេលកំណាយ កិច្ចការ​ស្រាវ​ជ្រាវនេះគ្រោងនឹងបញ្ចប់នៅក្នុងរយៈពេល៦សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០មក។

ចំពោះការរក្សាទុកដាក់វត្ថុបុរាណវិញ ឯកឧត្ដមអគ្គនាយករងបានឱ្យដឹងថា បច្ចុប្បន្នដើម្បីរក្សាពីសុវត្ថិភាព ក្រុមការងារបាននាំយកវត្ថុទាំងនោះមកប្រគល់ជូនសារមន្ទីរ​ព្រះនរោត្តមសីហនុ-អង្គរ ដើម្បីជួសជុល សម្អាត និងរក្សាទុក៕ ដោយ៖ ឃុត សៅ