មន្រ្តីជំនាញ ព្រមានថា អ៊ីតាលីនិងបណ្តាប្រទេសមួយចំនួន ដែលបានបន្ធូរបន្ថយការរឹតត្បឹតប្រទេស អាចនឹងបង្កជាហានិភ័យ ការឆ្លងជំងឺ COVID-19 ផ្ទុះឡើងជាលើកទី ២

វិទ្យុជាតិកម្ពុជា: លោក ឈុន លាង

ប្រទេសអ៊ីតាលីស្ថិតក្នុងចំណោមបណ្តាប្រទេសមួយចំនួនដែលបន្ធូរបន្ថយការរឹតត្បិតការបិទទ្វារប្រទេសកាលពីថ្ងៃច័ន្ទដើម្បីធ្វើឱ្យសេដ្ឋកិច្ចរស់ឡើងវិញ។

ប៉ុន្តែក្រុមមន្រ្តីបានព្រមានឲ្យមានការប្រុងប្រយ័ត្នខ្ពស់ខណៈការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅទូទាំងសកលលោកមានចំនួនជាង ៣,៥ លាននាក់ និងស្លាប់ជិត២៥ម៉ឺននាក់។

នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។ជាមួយគ្នានេះដែរ ប្រទេស អេស្បាញ នីហ្សេរីយ៉ា អាហ្សែបែហ្សង់ ម៉ាឡេស៊ី អ៊ីស្រាអែល ទុយនេស៊ី និងលីបង់ ក៏ស្ថិតក្នុងចំណោមប្រទេសដែលបន្ធូរបន្ថយការរឹតត្បិតខ្លះដែរ ដោយបើកដំណើរការឡើងវិញនូវរោងចក្រជាច្រើនកន្លែង ការដ្ឋានសំណង់ សួនច្បារ ហាងកាត់សក់និងបណ្ណាល័យជាដើម។នៅសហរដ្ឋអាមេរិកវិញ មានផ្នែកខ្លះនៃរដ្ឋមួយចំនួនបានបើកដំណើរការផ្នែកសេដ្ឋកិច្ចរបស់ខ្លួនផងដែរ។
សូមបញ្ជាក់ថា ការបន្ធូរបន្ថយការរឹងត្បឹតវិធានការប្រឆាំងនឹងជំងឺ COVID-19 កើតមានឡើងនៅពេលដែលអត្រាឆ្លងថ្មីប្រចាំថ្ងៃនៅទូទាំងពិភពលោកស្ថិតក្នុងចន្លោះពី ២% -៣% កាលពីសប្តាហ៍មុន។ប៉ុន្តែអ្នកជំនាញខាងផ្នែកជំងឺឆ្លង និង មីក្រូជីវសាស្រ្ត នៅមន្ទីរពេទ្យ Canberra (កង់បេរ៉ា) បានប្រាប់ថា យើងអាចមានការឆ្លងរាលដាលលើកទី ២ ឬទី ៣ យ៉ាងងាយដោយកត់សម្គាល់ថាពិភពលោកមិនមានភាពស៊ាំគ្រប់គ្រាន់នៅឡើយ ដែលតម្រូវឲ្យអ្នកជំងឺប្រហែល ៦០% បានជាសះស្បើយពីជំងឺនេះសិន៕