អេស៉្បាញនឹងផ្តល់ថវិកាប្រមាណ ១២៥លានអឺរ៉ូដល់មូលនិធិ ឆ្លើយតបនឹងជំងឺឆ្លង COVID-19

វិទ្យុជាតិកម្ពុជា: លោក ឈុន លាង
លោក Pedro Sanchez នាយករដ្ឋមន្រ្តីប្រទេសអេស៉្បាញ បានអះអាងថារដ្ឋាភិបាលរបស់លោកនឹង ផ្តល់ទឹកប្រាក់ចំនួន ១២៥ លានអឺរ៉ូ (១៣៦.៥៨ លានដុល្លារ) ដើម្បីការឆ្លើយតបជាសកលចំពោះការរាតត្បាតវីរុស COVID-19 ។នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ស្វែងរកមូលនិធិរៀបចំឡើងដោយសហគមន៍អ៊ឺរ៉ុបនៅដើមសប្តាហ៍នេះលោកនាយករដ្ឋមន្ត្រីបានអះអាងថា ថវិកាប្រមាណ ១២៥លានអឺរ៉ូនេះត្រូវបែងចែក ចំនួន ៥០ លានអឺរ៉ូ ដល់អង្គការសម្ព័ន្ធភាពវ៉ាក់សាំងសកល និង ៧៥ លានអឺរ៉ូដល់ក្រុមអង្គការសម្ព័នភាពពិភពលោកដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ដែលហៅកាត់ថា CEPI ដើម្បីគាំទ្រដល់ការបង្កើតវ៉ាក់សាំងប្រឆាំងនឹងមេរោគឆ្លង COVID-19 ដែលបាន និងកំពុងរាលដាលពាសពេញពិភពលោក។
សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះប្រទេសអេស៉្បាញមានករណីឆ្លងជំងឺ COVID-19 សរុបទូទាំងប្រទេសចំនួន ២៤៨,៣០១នាក់ ស្លាប់ចំនួន ២៥,៤២៨នាក់ និងអ្នកដែលបានជាសះស្បើយទាំងស្រុងមានចំនួន ១៥១,៦៣៣នាក់៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មាន Reuters