ក្រសួងធនធានទឹក អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើតមានចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១២ខែឧសភាខាងមុខនេះ

វិទ្យុជាតិកម្ពុជា៖ស្រីផល
MC៖ ក្រសួងធនធានទឹកនិងឧតុនិយម អំពាវនាវដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះស្ថានភាពអាកាសធាតុ ព្រោះចាប់ពីថ្ងៃទី០៦ដល់ថ្ងៃទី១២ខែឧសភាឆ្នាំ២០២០ នឹងមានភ្លៀងធ្លាក់រាយប៉ាយនៅតំបន់មួយចំនួន លាយឡំនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។
តាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម បានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្តបន្ទាប់សង្កេតឃើញថា ដោយសារតែជ្រលងនៃសម្ពាធទាបខ្សោយ គ្របដណ្ដប់លើកម្ពុជា ដែលស្ថានភាពបែបនេះធ្វើឲ្យធាតុអាកាស នៅតាមបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមាពី២៥ដល់២៧អង្សាសេ។ សីតុណ្ហភាពអតិបរមាមានពី៣៥ដល់៤១អង្សាសេ ដែលផ្នែកមួយចំនួននៅបណ្តាខេត្តនៅភាគពាយ័ព្យ និងអាចមានភ្លៀងធ្លាក់រាយប៉ាយនៅក្នុងកំរិតតិចទៅបង្គួរ។ចំណែកឯបណ្តាខេត្តដទៃទៀតនិងអាចមានភ្លៀងធ្លាក់ខ្សោយនៅផ្នែកខ្លះ។
ប្រភពដដែលបានបន្តថា បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឥសាន្ត មានសីតុណ្ហភាពអប្បបរមាពី២៤ដល់២៦អង្សាសេ, និងសីតុណ្ហភាពអតិបរមាមានពី៣៤ដល់៣៧អង្សាសេ នៅបណ្តាខេត្តខ្លះ អាចមានភ្លៀងធ្លាក់ខ្សោយ។ ចំពោះបណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមាមានពី២៥ដល់ ២៧អង្សាសេ សីតុណ្ហភាពអតិបរមាមាន៣៤ដល់៣៦អង្សាសេ ដែលនឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីតិចទៅបង្គួរ។
តាមរយៈស្ថានភាពនេះ ក្រសួង សូមសាធារណជន ប្រុងប្រយ័ត្នចំពោះបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនឹងកើនឡើងជាយថាហេតុ៕