ក្រសួងដែនដីគ្រោងចែកជូនបណ្ណដីដើម្បីសង្គមកិច្ចជូនសម្បទានិកដែលនៅសល់៣០ភាគរយទៀតក្នុងគំរោងទី១និងទី២អោយហើយនៅចុងឆ្នាំ២០២១

វិទ្យុជាតិកម្ពុជា៖ លោកស្រី ទុយ សូលីដា
MC៖ ក្រសួងដែនដីគ្រោងចែកជូនបណ្ណដីដើម្បីសង្គមកិច្ចជូនសម្បទានិកដែលនៅសល់៣០ភាគរយទៀតក្នុងគំរោងទី១និងទី២អោយហើយនៅចុងឆ្នាំ២០២១ដើម្បីអោយប្រជាពលរដ្ឋទទួលបានដីសង្គមកិច្ចជាម្ចាស់កម្មសិទ្ធិស្របច្បាប់និងការធ្វើកសិកម្មលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

លោកបណ្ឌិត ដោក ដូម៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋាន លំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់និងជានាយកគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ច បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចនេះ កំពុងអនុវត្តន៍នៅលើទីតំាង ចំនួន១៤កន្លែងស្ថិតក្នុងខេត្តចំនួន៥ មានដូច ជាខេត្តក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ។ លោកបណ្ឌិតបន្តថា មកទល់និងពេលនេះ ប្រជាពលរដ្ឋដែលទទួលបានដីសម្បទានសង្គមកិច្ចបានចំនួន ៧០ភាគរយ ហើយ ដែលបានទទួលដីយកទៅរស់នៅ ដាំដុះ ដោយរកចំណូលក្នុងមួយឆ្នាំៗទទួលបានពី១៣០០ដុល្លា ទៅ១៥០០ដុល្លា ពីការលក់នៅផលិផលកសិកម្ម ជាមួយគ្នានេះដែរនៅសល់៣០ភាគរយ ទៀត ក្រសួងកំពុងធ្វើការផ្សព្វផ្សាយ និងជំរុញដល់ប្រជាពលរដ្ឋដែរទៅឆ្ងាយ អោយត្រលប់មកវិញហើយបន្តធ្វើកសិកម្មនៅលើដីដែរចែកជូន។
សំឡេង ៖យើងជំរុញតាមផ្នែកកម្មវិធីផ្សព្វផ្សាយ យើងផ្សព្វផ្សាយជូនគាត់ យើងទាក់ទង់គាត់ដែលនៅគ្រប់ទិសទីទាំងអស់ទៅតាមលទ្ធភាពដែលយើងទាក់ទងបាន យើងផ្សព្វផ្សាយនៅមូលដ្ឋាន ធ្វើមិចអោយគាត់វិលមក ធ្វើដីដែលយើងបានចែកជូនគាត់និង ហើយអ្នកខ្លះគាត់បានលឺដំណឹង ក៍គាត់វិលមកធ្វើនៅលើដីរបស់គាត់វិញ ហើយអ្នកខ្លះគាត់ទៅឆ្ងាយ យើងបានទាក់ទងកាត់បន្ថែម បើទោះបីជាយើងមានប្រព័ន្ធផ្សព្វផ្សាយក៍ដោយ អញ្ចឹងបានយើងគិតថានឹងជំរុញបន្តនៅក្នុង៣០ភាគរយនឹង ដើម្បីអោយគាត់បានទទួលដីទាំងអស់ ។
លោកបណ្ឌិតបញ្ជាក់ថា នៅពេលដែលប្រជាពលរដ្ឋវិលត្រលប់មកធ្វើបន្ត នៅលើដីសម្បទានសង្គមកិច្ចវិញ គឺមិនអោយគាត់អនុវត្តន៍នៅអ្វីដែលខុសពី និតិវិធីដីសម្បទានសង្គមកិច្ចឡើយ ប្រជាពលរដ្ឋត្រូវគោរពតាមកិច្ចសន្យាដីសម្បទានសង្គមកិច្ច គឺត្រូវរស់នៅ ធ្វើការដាំដុះ នៅលើដីនោះអោយគ្រប់៥ឆ្នាំ ទើបអាចចែកបណ្ណកម្មសិទ្ធិជូនគាត់បាន ។
សូមបញ្ជាក់ថា គម្រោងបែងចែកដីដើម្បីសង្គមកិច្ចបានអនុវត្តន៍ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ(គជអប) ដែលមានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២១ ដោយចំណាយថវិកា ប្រមាណ២៦លាន ៨សែនដុល្លារអាមេរិក បានមកពីការផ្តល់ហិរញ្ញប្បទានពីធនាគារពិភពលោក និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ហើយមានប្រជាពលរដ្ឋទទួលផលប្រមាណ៥១៤១គ្រួសារ ៕