មន្ទីរកសិកម្មខេត្តក្រចេះ ជំរុញដល់ប្រជាកសិករបង្កើនការដាំដុះបន្លែបន្ថែមទៀតដើម្បីធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងខេត្ត

វិទ្យុជាតិកម្ពុជា​៖​ ស្រី​ ផល 04,05,2020៖

មន្ទីរកសិកម្មខេត្តក្រចេះ ជំរុញដល់ប្រជាកសិករ ឲ្យបង្កើនការដាំដុះបន្លែបន្ថែមទៀត ដើម្បីធានាដល់ការផ្គត់ផ្គង់តម្រូវការក្នុងខេត្ត ខណៈដែលបច្ចុប្បន្នកម្ពុជាកំពុងជួបប្រទះបញ្ហាជំងឺកូវីដ-១៩។
លោក អោក ដារុណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឲ្យដឹងថា ទោះបីប្រទេសជាតិកំពុងជួបបញ្ហាជំងឺកូវីដ-១៩នេះក្តី ក៏កសិករទូទាំងខេត្តនៅតែបន្តការដាំដុះជាធម្មតា ដើម្បីជួយផ្គត់ផ្គង់តម្រូវការក្នុងគ្រួសារ និងនៅក្នុងខេត្តទាំងមូល ។ លោកបន្តថា បច្ចុប្បន្ននេះកសិករចាប់ផ្តើមដាំដុះបន្លែមួយចំនួនដូចជា៖ ស្ពៃក្រញាញ់ ស្ពៃចង្កិះ សណ្តែកគួរ ត្រសក់ ស្រឡាត់និងបន្លែស្លឹកមួយចំនួនទៀត។ បើគិតចាប់ពីពេលនេះរហូតដល់៣ខែខាងមុខទៀត កសិករអាចមានលទ្ធភាពផលិតបន្លែបាន ប្រហែលជា៣ពាន់តោន គឺគ្រប់គ្រាន់ក្នុងផ្គត់ផ្គង់តម្រូវការក្នុងខេត្ត។
លោកបានបន្តទៀតថា បើទោះបីការផ្គត់ផ្គង់ក្នុងខេត្តបានគ្រប់គ្រាន់ ក៏មន្ទីរនៅតែបន្តសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះណែនាំនិងជំរុញ ដល់ប្រជាកសិករឲ្យបង្កើនការដាំដុះបន្ថែមទៀត ដើម្បីរក្សាស្ថិរភាពថ្លៃនៅលើទីផ្សារ ខណៈការនាំចូលត្រូវបានកាត់បន្ថយ ស្របពេល កំពុងមានការរីករាលដាននៃជំងឺកូវីដ-១៩ ។
សម្លេង៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តក្រចេះ បានរៀបចំផែនការនិងចុះជំរុញដល់មូលដ្ឋានផ្ទាល់តែម្ដង គឺតាមកន្លែងដាំបន្លែរបស់កសិករ ដើម្បីឲ្យពួកគាត់ពង្រីកការដាំដុះបន្ថែមទៀត ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងខេត្តយើងឱ្យបានគ្រប់គ្រាន់ ហើយនិងតាមតំបន់ដែលមានសក្កដានុពលមួយចំនួនទៀត ដែលមានប្រភពទឹក ជំរុញឲ្យពួកគាត់ដាំបន្ថែមដែរ និងនៅតាមផ្ទះនីមួយៗគឺសុំឱ្យគាត់បង្កើនការដាំដុះបន្លែ ដើម្បីហូបចាប់សម្រាប់គ្រួសាររបស់ពួកគាត់។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីរក្សាសន្តិសុខស្បៀង ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-19 ដូចជា ការជ្រើសរើសទីតាំងដែលមានសក្តានុពលដាំបន្លែ និងមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់អនុវត្តផលិតកម្មបានពេញមួយឆ្នាំ និងជ្រើសរើសសហគមន៍ ដែលមានសក្កានុពលនិងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផលិតដំណាំបន្លែក្នុងទ្រង់ទ្រាយធំផងដែរ ៕