ក្រសួងសុខាភិបាល មិនទាន់អនុញ្ញាតឲ្យបើកសេវាកម្សាន្តនៅឡើយទេ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០៖

ក្រសួងសុខាភិបាល មិនទាន់អនុញ្ញាតឲ្យបើកសេវាកម្សាន្តនៅឡើយទេ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩អោយមានប្រសិទ្ធភាពខ្ពស់ ខណ:ដែលប្រទេសកម្ពុជាយើងកំពុងចូលរួមការពារការឆ្លងជំងឺនេះ ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍…………………
យោងតាមសន្និសីទសារព័ត៌មានស្តីពី «បច្ចុប្បន្នកូវីដ១៩ នៅប្រទេសកម្ពុជា>> នៅព្រឹក ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ នេះ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានមានប្រសាសន៍ថា ក្នុងស្ថានភាពបច្ចុប្បន្នដែលប្រទេសកម្ពុជាជួបប្រទះបញ្ហាជំងឹឆ្លងកូវីដ១៩ ដែលកំពុងរីករាលដាលនេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា អាជីវកម្មមួយចំនួននៅតែបន្តបិទ ដូចជា KTV កន្លែងហាត់ប្រាណ រឺកន្លែងកម្សាន្តផ្សេងៗជាដើម នៅមិនទាន់អាចអនុញ្ញាតិអោយបើកដំណើរការធម្មតាវិញបានទេ ព្រោះកម្ពុជាពេលនេះកំពុងស្ថិតក្នុងភាពផុយស្រួយនៃហានីភ័យឆ្លងកូវីដ១៩នៅឡើយទេ ។
ឯកឧត្តមបន្តថា ក្រសួងសុខាភិបាលចូលរួមជាមួយរាជរដ្ឋាភិបាល បន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋកុំឱ្យមានប្រមូលផ្តុំ ជួបជុំ រៀបចំកម្មវិធីកម្សាន្ត ពិធីជប់លៀង រាំកម្សាន្ត ក្នុងពេលដែលកម្ពុជា និងនៅលើពិភពលោកកំពុងប្រឈមនឹងជំងឺមួយនេះ ។
សម្លេង << គួរយកអាគំរូឈឺច្រើនស្លាប់ច្រើន ឬមួយយកអាគំរូអត់ឈឺអត់ស្លាប់ ពីណាមិនចង់សប្បាយពីណាមិនចង់ទៅច្រៀង ឥឡូវអាចសប្បាយបានពីរនាក់ប្ដីប្រពន្ធនៅផ្ទះ ហើយវាសុវត្ថិភាពទៀត ពិរោះដូចតែគ្នា ពិតមែនថាយើងធ្វើបានមួយចំនួនហើយដែលគួរឲ្យមានមោទនភាពប៉ុន្តែយើងមិនគួរប្រាកដថាយើងអាចត្រួតត្រានឹងជំងឺនេះបាននៅឡើយទេ សូម្បីតែប្រទេសគេមានការអភិវឌ្ឍជឿនលឿនក៏គេធ្វើមិនទាន់បានដែរ កាន់តែទៅមកឈឺកាន់តែច្រើនស្រាប់កាន់តែច្រើនដូច្នេះយើងមិនត្រូវធ្វេសប្រហែស ខ្ញុំថាយើងវាត្រូវចាំបន្តិចទៅ >>
ឯកឧត្តមបន្ថែមទៀតថា ក្រសួងសុខាភិបាលបានសហការជាមួយក្រសួងពាក់ព័ន្ធទាំងអស់ក្នុងការផលិតស្ពតអប់រំអំពីជំងឺឆ្លងកូវីដ១៩នេះ ដើម្បើអោយប្រជាពលរដ្ឋយើងមានការយល់ដឹងខ្ពស់ ក្នុងការថែទាំសុខភាព ការថែរក្សាអនាម័យរស់នៅ ការបង្កាការពារកុំអោយឆ្លងជំងឺនេះ ហើយមកដល់ពេលបច្ចុប្បន្ននេះ ក្រសួងផលិតបាន ៦០ស្ពត សម្រាប់អោយសារព័ត៌មានទាំងអស់ចូលរួមធ្វើការផ្សព្វផ្សាយ ។
សូមបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃនេះ មិនមានករណីឆ្លងថ្មីនៃជំងឺកូវីដ១៩នោះទេ ក៏មិនមានអ្នកព្យាបាលជាសះស្បើយផងដែរ គិតសរុបមកនៅសល់តែ២នាក់ទៀតទេ ដែលកំពុងធ្វើការសំរាកព្យាបាល ៕