រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ បង្កើតកម្មវិធី ផ្សាយផ្ទាល់ពាក់ពន្ធ័នឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីសាធារណៈជន អាចសួរបាន

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ០៤ ឧសភា ២០២០ ៖

រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានណែនាំដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ ត្រូវបង្កើតកម្មវិធីតុមូលផ្សាយផ្ទាល់ ដែលបើកអោយមានការហៅទូរសព្ទ័ចូល ពីសាធារណៈជនទូទៅ អាចសួរទាក់ទងទៅនឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី។
ក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញប្រចាំសប្តាហ៍ នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន បានជំរុញដល់ប្រពន្ធ័ផ្សព្វផ្សាយរបស់រដ្ឋ ដូចជា វិទ្យុជាតិ ទូរទស្សន៍ជាតិកម្ពុជា និងវិទ្យុជាតិFM 96 ត្រូវបង្កើតកម្មវិធីតុមូលផ្សាយផ្ទាល់ ដែលបើកអោយមានការហៅទូរសព្ទ័ចូល ពីសាធារណៈជនទូទៅ ដើម្បីអាចសួរនាំបញ្ហានានា ទាក់ទងទៅនឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលជាប្រធានបទថ្មី និងកំពុង ជាបញ្ហាក្តៅក្នុងពេលបច្ចុប្បន្ននេះ។
ឯកឧត្តម បានបញ្ជាក់ថា ក្នុងនាមជាប្រពន្ធ័ផ្សព្វផ្សាយរបស់ជាតិ ដែលជាស្ពានចម្លងមតិយោបល់ និងសំណូមពរនានារបស់ប្រជាពលរដ្ឋ ជូនទៅរាជរដ្ឋាភិបាល និងពី រាជរដ្ឋាភិបាលទៅប្រជាពលរដ្ឋ ត្រូវធ្វើយ៉ាងណាផ្សព្វផ្សាយអោយបានកាន់តែទូលំទូលាយ អំពីការអនុវត្តន៍ច្បាប់ចរចរណ៍ថ្មី ដើម្បីបងប្អូនប្រជាពលរដ្ឋ បានយល់ច្បាស់និងចូលរួម អនុវត្តន៍ អោយមានប្រសិទ្ធិភាពទាំងអស់គ្នា។
ឯកឧត្តម បញ្ជាក់ថាកម្មវិធីតុមូលផ្សាយផ្ទាល់នេះ ត្រូវអញ្ជើញ មន្រ្តីនគរបាល ដែលមានជំនាញច្បាប់ច្បាស់លាស់មកធ្វើការពន្យល់ បកស្រាយឲ្យបានស៊ីជម្រៅ ហើយត្រូវប្រមូលនូវមតិយោបល់រិះគន់ និងសំណូមពររបស់ប្រជាពលរដ្ឋទាក់ទងទៅ និងបញ្ហាចរាចរណ៍ ដើម្បីរួមគ្នាដោះស្រាយបញ្ហា ដែលកំពុងកើតឡើងនេះ។
ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ បានកោតសរសើរដល់ថ្នាក់ដឹកនាំមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងព័ត៌មាន ដែលបានបំពេញរាល់កិច្ចការងារក្នុងរយៈពេលកន្លងមក ប្រកបដោយការទទួលខុសត្រូវ និងសម្រេចបានលទ្ធផលល្អគួរអោយកត់សម្កាល់។ ដូច្នេះអ្វីដែលត្រូវបន្តធ្វើទៀតនោះ គឺការផ្សាយនូវរាល់ព័ត៌មានពិត ដើម្បីប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលបានផ្សាយកន្លងមកនេះ ធ្វើអោយសាធារណជន មានការយល់ច្រឡំ៕