ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតការជួសជុលផ្ទះនិងសាងសង់សំណងតូចតាចរបស់ប្រជាពលរដ្ឋ បានចំនួន ១១១០គ្រួសារ រយៈពេល៤ខែដើមឆ្នាំ២០២០

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត
យោងតាមរបាយការណ៍របស់លេខាធិការដ្ឋានសហគមន៍អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្រុមការងារសហគមន៍របស់អាជ្ញាធរជាតិអប្សរា បានចុះសំណេះសំណាលដល់ខ្នងផ្ទះប្រជាពលរដ្ឋ ស្របពេលដែលចុះពិនិត្យនិងដោះស្រាយសំណើសុំជួសជុលផ្ទះនិងសាងសង់តូចតាចតាមភូមិមួយចំនួនក្នុងតំបន់ឧទ្យានអង្គរ។ ការចុះពិនិត្យស្នើសុំជួសជុល និងសាងសង់តូចតាចចំនួន ១៥២៣គ្រួសារ ក្នុងនោះបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ១១១០គ្រួសារ ។
ករណីអនុញ្ញាតខាងលើបានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន ១១៤គ្រួសារ ស្រុកអង្គរធំចំនួន៧៥គ្រួសារ ស្រុកពួកចំនួន ២៥៥គ្រួសារ ស្រុកបន្ទាយស្រីបានចំនួន ៤៩៧គ្រួសារ និងក្រុងសៀមរាបចំនួន ១៦៩គ្រួសារ។
សូមបញ្ចាក់ថា ក្រុមការងារសហគមន៍បានចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលករណីសំណើផ្សេងៗនិងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ និតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ។ ប្រភេទសំណើដែលក្រុមការងារសហគមន៍ទទួលចុះពិនិត្យ និងដោះស្រាយ ១.ការជួសជុលផ្ទះ៖ ការជួសជុលឬប្តូរដំបូល ការជួសជុលឬប្តូរជញ្ចាំង ការជួសជុលឬប្តូរសសរ១ឬ២ដើម ជួសជុលឬប្តូរសំយ៉ាប ជួសជុល ជណ្តើរ ជួសជុលរបងមានស្រាប់ កបន្ទប់ក្រោមផ្ទះ។ ២.សំណង់តូចតាច៖ សង់បង្គន់ សង់ទ្រង់មាន់ ទា ជ្រូក សង់ជង្រុកស្រូវ សង់តូបឬរោងលក់ដូរមុខផ្ទះ។ ៣.ចាក់ដី៖ ចាក់ដីលុបគ្រលុកក្នុងបរិវេណផ្ទះក្រោម។ល។ រាល់ការស្នើសុំច្បាប់សាងសង់គឺពុំមានការបង់ប្រាក់ទេ៕