អាជ្ញាធរជាតិអប្សរាពង្រីកផែនការបង្កើនគម្របព្រៃឈើបៃតងនៅឧទ្យានអង្គរ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ០៤ ០៥ ២០២០៖

អាជ្ញាធរជាតិអប្សរាពង្រីកផែនការបង្កើនគម្របព្រៃឈើបៃតងនៅឧទ្យានអង្គរ ដើម្បីធានាឲ្យតំបន់ នេះកាន់តែមានសោភ័ណភាពស្រស់ស្អាត ពោលពេញដោយភាពបៃតង ដែលជាទីទាក់ទាញភ្ញៀវទេសចរ និងជួយថែរក្សាលំនឹងនៃភពផែនដី។
អ្នកនាំពាក្យនាយដ្ឋានអាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ក្នុងឆ្នាំ២០២០នេះអាជ្ញាធរជាតិអប្សរាមានផែនការពង្រីកការដាំនិងចែកចាយកូនឈើចំនួន១១ម៉ឺនដើម ដល់ប្រជាពលរដ្ឋក្នុងតំបន់ឧទ្យានអង្គរដើម្បីបង្កើនគម្របព្រៃក្នុងរមណីយដ្ឋានអង្គរ ។
លោក ឡុង កុសល បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា បច្ចុប្បន្ន ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌និងបរិស្ថាន នៃអាជ្ញាធរជាតិអប្សរា កំពុងមមាញឹកបណ្ដុះនិងថែទាំកូនឈើទាំងនោះ ត្រៀមសម្រាប់ដាំនារដូវវស្សានេះ ដើម្បីចែកចាយនៅតាមសហគមន៍ក៏ដូចជាតាមទីវត្តអារាមដែលបានស្នើរសុំ ។
សំឡេង«គោលបំណងទី១របស់យើងបង្កើនគម្របព្រៃឈើក្នុងតំបន់ឧទ្យានអង្គរ បានន័យថាយើងបង្កើន ព្រៃឈើក្នុងតំបន់ឧទ្យានហ្នឹងឲ្យកាន់តែច្រើនថែមទៀតទី១ ទី២យើងចង់បង្កើនអំពីការយល់ដឹងអំពីគម្រោបព្រៃឈើឲ្យកាន់តែច្រើនរហូតទៅដល់សហគមន៍ផ្សេងៗ ក្រៅតែពីសហគមន៍ផ្សេងៗក្រៅតំបន់អង្គរ ព្រោះរាល់ថ្ងៃនេះអ្វីដែលយើងបានបណ្តុះ កូនឈើដែលបានបណ្តុះ គឺយើងចែកចាយទៅតាម បណ្តាសហគមន៍ផ្សេងៗដែលនៅឆ្ងាយៗ នៅតាមខេត្តនៅតាមខេត្តផ្សេងៗ ។ នៅតាមវត្តអញ្ចឹង ដែលគាត់ដែលតែងតែស្នើរសុំកូនឈើ ពីខាងអាជ្ញាធរជាតិអប្សរា យកទៅដាំដុះនិងហើយជាទិសដៅរបស់យើង ព្រោះអីអ្នកទាំងនោះ បើថ្វីបើគាត់មិនដាំនៅរមណីដ្ឋានអង្គរមែន គាត់ដាំនៅតាមទីសហគមន៍របស់គាត់ដែលការដាំបង្កើននៅគម្រោបព្រៃឈើក្នុងព្រះរាជាណាចក្រកម្ពុជាយើង »។
លោក ឡុង កុសល បានឲ្យដឹងថា ប្រភេទកូនឈើដែលត្រូវដាំនោះមានជាកូនឈើ ប្រណិតៗដែលកម្រ មានដូចជា គ្រញូង បេង ធ្នង់ នាងនួន គគីរ ឈើទាល និងមានប្រភេទឈើព្រៃហូបផ្លែ បាន ដូចជា ស្តៅជាដើម ។
លោកបានបន្តថា អាជ្ញាធរជាតិអប្សរាគ្រោងនិងរៀបចំយុទ្ធនាការទ្រង់ទ្រាយធំៗដែលធ្លាប់រៀប ចំកន្លងមក ដោយមានការចូលរួម វិស័យឯកជន ព្រះសង្ឃ សិស្សានុសិស្ស មន្ត្រីរាជការ ប៉ុន្តែដោយសារតែជំងឺកូវីដ១៩អាជ្ញាធរជាតិអប្សរានឹងរៀបចំដាំកូនឈើជាលក្ខណៈផ្ទៃក្នុង ទៅតាមគោលដៅដែលបានគ្រោងទុក ។ លោកបានបន្ថែមថា បើស្ថានការមានការថមថយលោកនិងរៀបចំទៅតាមផែនការដែលបានគ្រោងទុក ។
សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាមានស្ថានីយ៍បណ្ដុះកូនឈើចំនួន៤ទីតាំង គឺទី១ស្ថានីយបណ្ដុះកូនឈើ៨ហិកតា ដែលបណ្ដុះកូនឈើប្រណិត៤ប្រភេទ មានដើមបេង គ្រញូង ច្រេះ និងធ្នង់ ទី២ ស្ថានីយបណ្ដុះកូនឈើប្រាសាទតាកែវ ដែលបណ្ដុះប្រភេទកូនឈើលេខ១ លេខ២ លេខ៣ និងក្រៅលំដាប់ថ្នាក់ ទី៣ ស្ថានីយបណ្ដុះកូនឈើមណ្ឌល៣ ដែលបណ្ដុះប្រភេទឈើលម្អ និងប្រភេទឈើព្រៃហូបផ្លែ និងទី៤ ស្ថានីយបាឡុង បណ្តុះ ថែទាំ និងផ្សាំកូនឈើបន្តវេនគ្រប់ប្រភេទ ។ ក្នុងឆ្នាំ២០១៩កន្លងទៅ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើចំនួនជិត៣ម៉ឺនដើម និងបានចែកចាយទៅខាងក្រៅជាង៧ម៉ឺនដើម ៕