រដ្ឋមន្រ្តីក្រសួងកសិកម្ម បានណែនាំឱ្យក្រុមហ៊ុនចិញ្ចឹមបង្កងអូស្រ្តាលី គួរតែពង្រីកការភ្ញាស់កូនបង្កង រួចលក់ចែកជូនកសិករដើម្បីយកមកចិញ្ចឹម

វិទ្យុជាតិកម្ពុជា​៖

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញការគាំទ្រចំពោះផែនការផលិតកម្មនាពេលអនាគតរបស់កសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី របស់ក្រុមហ៊ុន Cambodia Amazing Aquaculture Technological Co., Ltd ស្ថិតនៅក្នុងភូមិថ្នល់កែង ឃុំត្រពាំងប្រសាទ ស្រុកត្រពាំងប្រសាទ ខេត្តឧត្តរមានជ័យ ព្រោះវាពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ បង្កើនបរិមាណផ្គត់ផ្គង់ ប្រើប្រាស់សក្តានុពលរបស់ដីឱ្យអស់លទ្ធភាព ចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម និងជាពិសេសបង្កើតកាលានុវត្តភាពស្របតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពរបស់កសិដ្ឋានចិញ្ចឹមបង្កងនេះ ឯកឧត្តម ស្នើឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកផលិតកម្ម ទៅតំបន់ផ្សេងៗទៀតដែលមានប្រភពទឹកធម្មជាតិល្អ ព្រោះខេត្តនេះមានលក្ខណៈធម្មជាតិអំណោយផលក្នុងការចិញ្ចឹមបង្កងប្រភេទថ្មីនេះ។ ឯកឧត្តម បានណែនាំឱ្យក្រុមហ៊ុន គួរតែពង្រីកការភ្ញាស់កូនបង្កង រួចលក់ចែកជូនកសិករដើម្បីយកមកចិញ្ចឹម ដោយផ្តល់បច្ចេកទេស ហើយប្រមូលទិញផលបង្កងមកវិញតាមរយ:ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីពង្រីកទីផ្សារនាពេលអនាគត។ ព្រមជាមួយនេះ រដ្ឋបាលជលផល និងសកលវិទ្យាល័យភូមិន្ទកសិកម្ម គួរបញ្ជូនមន្រ្តី និងនិស្សិតចុះសិក្សា ដកស្រង់បទពិសោធន៍ បច្ចេកទេស ដើម្បីផ្សព្វផ្សាយផលិតកម្មបង្កងនេះឱ្យបានទូលំទូលាយទូទាំងប្រទេស។ តាមអ្នកបច្ចេកទេសចិញ្ចឹមបង្កង បានឲ្យដឹងថា កសិដ្ឋានបានចាប់ ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦ ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗ មានជីកស្រះច្រើនប្រភេទ (ស្រះចិញ្ចឹមមេ បាពូជ កូន និងបង្កងសាច់) អាងភ្ញាស់ និងហេដ្ឋរចនាសម្ព័ន្ធក្នុងកសិដ្ឋាន ជាដើម។ បច្ចុប្បន្នកំពុងធ្វើការសាកពិសោធន៍ភ្ញាស់ និងចិញ្ចឹមកូនពូជឱ្យស្របតាមក្សេត្របរិស្ថាននៅតំបន់នេះ ក្នុងទិសដៅដើម្បីសម្រេចតាមផែនការផលិតកម្ម ផលិតបង្កងសាច់ឱ្យបាន ១តោន/ថ្ងៃ និងកើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្នមានកូនពូជប្រមាណ ៦០ម៉ឺន ដែលអាចផ្តល់ផលប្រមាណ ៥០ តោននៅរយៈពេល ៦ខែ និងគ្រោងផលិតកូនឱ្យបាន ៥-១០លានកូននៅឆ្នាំក្រោយ។ បង្កងប្រភេទនេះមានតម្លៃ ២៥$/kg នៅកសិដ្ឋាន ឈ្មួញយកទៅលក់បន្តតម្លៃ ៣០-៣៥$/kg។ ផ្ទៃដីដែលបាននិងកំពុងចិញ្ចឹមមានចំនួន ២៥ហិកតា នឹងធ្វើការពង្រីកដល់ ១០០ហិកតា នៅពេលឆាប់ៗខាងមុខ ដែលក្នុងនោះ ៧០ហិកតា សម្រាប់ផលិតបង្កងសាច់ ៣០ហិកតា សម្រាប់ផលិតមេ បា និងកូនពូជ។ ការចិញ្ចឹមជាលក្ខណ:ធម្មជាតិ (លែងក្នុងស្រះ) ផ្តល់ចំណីផ្សំមានពោត ដំឡូងមី និងសណ្តែកសៀង ដែលជាវត្ថុធាតុដើមផលិតក្នុងស្រុក។
ផន វាសនា 04/05/20